ប្រសាទ ដាវីន នឹងក្លាយជាស្ដ្រីខ្មែរដំបូងតំណាងកម្ពុជា ទៅប្រកួតកម្មវិធី Universal Woman នៅទីក្រុងឌូបៃ
មហាជននិយមតាមដានវិស័យដើរម៉ូដប្រាកដជាធ្លាប់បានសរសើរមកហើយពីភាពល្បីឈ្មោះ និង ទេពកោសល្យនៃអតីត Freshie Girl ចំណាត់ថ្នាក់លេខ ៣ ឆ្នាំ ២០០៥ ជំនាន់ទី ៤ អ្នកនាង ប្រាសាទ ដាវីន។ មកដល់ពេលនេះ បើទោះជាតារាស្រីរូបនេះមានស្វាមី និង កូន ១ ហើយក្តី តែ ប្រាសាទ ដាវីន ក៏នៅតែទទួលបានការងារ និង ភាពជោគជ័យខ្លាំងក្នុងវិស័យសិល្បៈផងដែរ។
ដោយឡែក ថ្មីៗនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងចំពោះតារាបង្ហាញម៉ូដល្បីឈ្មោះរូបនេះ ក្រោយឮដំណឹងថាអ្នកនាងទទួលបានតំណែងជាស្ដ្រីឯកចក្រវាលកម្ពុជា Universal Woman Cambodia ឆ្នាំ ២០២៣ ដែលជាកម្មវិធីថ្មីសម្រាប់កម្ពុជាផ្ដល់ឱកាសដល់ស្រ្តីបានរៀបការសាងគ្រួសាររួច ដោយកំណត់អាយុចាប់ពី ២៥ ដល់ ៤០ ឆ្នាំ និង មានកម្ពស់ ១.៧០ ម៉ែត្រ។
ក្នុងការទទួលតំណែង Universal Woman Cambodia 2023 នេះ ប្រាសាទ ដាវីន នឹងក្លាយជាស្រ្តីខ្មែរដំបូងដែលតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើអន្តរជាតិ Universal Woman ដោយនឹងរៀបចំឡើងនៅទីក្រុងឌូបៃ នាចុងខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ។
នេះតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការ Universal Woman Cambodia បានបង្ហោះជូនដំណឹងថា ៖ «ជាផ្លូវការ ចាប់ពីវិនាទីនេះទៅ ០១ ខែមករា ឆ្នាំ ២០២៣ លោកស្រី ប្រាសាទ ដាវីន (Mrs.Prasath Davin) ក្លាយជា Universal Woman Cambodia 2023 គាត់នឹងចេញទៅប្រកួតលើឆាកអន្តរជាតិតំណាងឱ្យប្រទេសកម្ពុជានៅទីក្រុងឌូបៃ (Dubai) ដែលមានប្រទេសចូលរួម 50 ប្រទេស នាចុងខែមករា ឆ្នាំ 2023 នេះ»៕