ម៉ាក់ៗគួរពិនិត្យអេកូពោះប៉ុន្មានដង? ហើយប៉ះពាល់កូនក្នុងផ្ទៃដែរឬទេ?
អំឡុងពេលពពោះ ម៉ាក់ៗគ្រប់រូបច្បាស់ជាមានអារម្មណ៍រំភើបផង បារម្ភផង ដោយចង់ដឹងសុខទុក្ខកូនក្នុងផ្ទៃ និង ចង់ឃើញមុខរបស់គេយ៉ាងខ្លាំង។ តួយ៉ាង ម៉ាក់ៗគ្រប់រូបត្រូវតាមដានសុខភាពកូន តាមរយៈការឆ្លុះអេកូសាស្ត្រ (Ultrasound) ឱ្យបានត្រឹមត្រូវអំឡុងពេលពពោះ។ ក្នុងនោះ តើម៉ាក់ៗឆ្លុះដើម្បីអ្វី? ហើយគួរឆ្លុះអេកូសាស្ត្រប៉ុន្មានដង?
ជាការពិត ការឆ្លុះអេកូសាស្ត្រ ឬ Ultrasound នេះ គឺធ្វើឡើងដើម្បីឱ្យម៉ាក់ៗគ្រប់រូបបានដឹងពី «ការលូតលាស់សរីរាង្គរបស់ទារក និង មុខងាររបស់ទារក» «ការលូតលាស់ដៃជើង និង រចនាសម្ព័ន្ធឆ្អឹង» «កម្ពស់កូន» «ទំហំកូន» «ការលូតលាស់ក្បាលរបស់ទារក» «ទឹកភ្លោះ» «ដឹងថាកូនប្រុស ឬស្រី» «អាចដឹងអំពីថ្ងៃខែសម្រាល» ជាដើម។
ជាងនេះទៅទៀត ពាក់ព័ន្ធការកំណត់ចំនួននៃការឆ្លុះអេកូសាស្ត្រ គឺមិនមានបញ្ជាក់ច្បាស់លាស់នៅឡើយនោះទេ ពោលគឺការឆ្លុះអេកូសាស្ត្រអំឡុងពេលពពោះ គឺអាស្រ័យទៅលើកត្តាសុខភាពជាក់ស្តែងរបស់ម៉ាក់ៗ។ សម្រាប់ស្ត្រីមានផ្ទៃពោះមានសុខភាពល្អជាធម្មតាភាគច្រើនត្រូវការថតអេកូតែ ២ ដងប៉ុណ្ណោះ ដោយលើកទី ១ គឺនៅត្រីមាសទី ១ និង លើកទី ២ គឺនៅសប្តាហ៍ទី ១៣ ដើម្បីបញ្ជាក់អំពីសម្ពាធរាងកាយ និង ភេទរបស់ទារក។ ក្នុងនោះ ពេលវេលាឆ្លុះអេកូសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត គឺនៅចន្លោះ សប្តាហ៍ទី ១៨ ទៅ ២២។
យ៉ាងណា ក្នុងដំណាក់កាលនៃការលូតលាស់សរីរាង្គរបស់ទារកក្នុងផ្ទៃកំពុងតែត្រូវបានវិវត្តន៍ គ្រូពេទ្យអាចនឹងសុំឱ្យម៉ាក់ៗថតអេកូសាស្ត្របន្តទៀតដើម្បីតាមដាននូវចំណុចសំខាន់មួយចំនួនទៀតរួមមាន «ដឹងអំពីជំហររបស់ទារក ជំហរបញ្ជ្រាស ឬធម្មតា» «ដឹងអំពីថ្ងៃខែត្រូវសម្រាល» «វាយតម្លៃការលូតលាស់របស់សុក» «ពិនិត្យទៅលើកម្រិតទឹកភ្លោះ» «កំណត់អំពីផលវិបាកបើសិនជាមានករណីកូនភ្លោះ» «តាមដានសកម្មភាពលូតលាស់របស់ទារក» «រកមើលជំងឺហ្សែន ដែលអាចកើតមាន» «ពិនិត្យរកមើលជំងឺសុកបាំងមាត់ស្បូន ឬការលូតលាស់របស់ស្បូន»។
បើសិនជាម្តាយមានជំងឺនានាដូចជា ជំងឺទឹកនោមផ្អែម ឬលើសសម្ពាធឈាម ម៉ាក់ៗត្រូវតែថតអេកូសាស្ត្រច្រើនដងបន្តិច ហើយការថតអេកូសាស្ត្រនេះធ្វើឡើង ដើម្បីស្វែងរកព័ត៌មានដើម្បីតាមដាននៃការថែទាំសុខភាព ក្នុងគោលបំណងសង្គ្រោះជីវិត ហើយវាអាចប្រើដើម្បីពង្រឹងដល់សុខភាពទារកក្នុងផ្ទៃ និង មិនប៉ះពាល់ដល់ទារកក្នុងផ្ទៃឡើយ ទោះបីពិនិត្យច្រើនដងក៏ដោយ។ ដូច្នេះ ម៉ាក់ៗបើសិនជាមានការសង្ស័យអ្វីអំពីការថតអេកូសាស្ត្រនេះ ចូរពិគ្រោះជាមួយគ្រូពេទ្យជំនាញបន្ថែម៕