ស្ត្រីខ្ពស់ជាងគេលើលោក និង ស្ត្រីទាបជាងគេលើលោក ជួបគ្នាលើកដំបូង ផឹកតែជជែកគ្នាលេងយ៉ាងមានក្ដីសុខ
កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ស្ត្រីខ្ពស់ជាងគេបំផុតលើលោក Rumeysa Gelgi កម្ពស់ ២.១៥ ម៉ែត្រ និង ស្ត្រីទាបជាងគេបំផុតលើលោក Jyoti Amege កម្ពស់ត្រឹម ៦២.៨ សង់ទីម៉ែត្រ បានជួបមុខគ្នាជាលើកដំបូងនៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស ដើម្បីចូលរួមអបអរថ្ងៃ Guinness World Records Day 2024។
បើទោះបីជាទើបជួបស្គាល់គ្នាលើកដំបូងពិតមែន ប៉ុន្តែស្ត្រីដ៏អស្ចារ្យទាំងពីររូបនេះត្រូវរ៉ូវគ្នាខ្លាំងដោយពួកគេអង្គុយផឹកតែជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។ តាមសម្ដីរបស់អ្នកស្រី Gelgi ជាអ្នកស្រុកតួកគីបាននិយាយថា បើទោះជាពួកគេទាំងពីរមានកម្ពស់ខុសគ្នាមេឃ និង ដី ពិតមែន ប៉ុន្តែពួកគេមានចំណុចជាច្រើនដែលដូចគ្នា។ អ្នកស្រីបានរៀបរាប់ថា៖ «ពួកយើងចូលចិត្តការផាត់មុខ មើលថែទាំខ្លួនឯង ទិញគ្រឿងអលង្ការ និង ចូលចិត្តធ្វើក្រចកដូចគ្នា»។
គួរឱ្យដឹងថា អ្នកស្រី Gelgi បច្ចុប្បន្នប្រកបអាជីពជា web designer ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីកំណត់ត្រាពិភពលោកជាស្ត្រីខ្ពស់ជាងគេបំផុតកាលពីឆ្នាំ ២០២១។ Gelgi បានកើតមានជំងឺកម្រមួយហៅថា Weaver Syndrome ដែលធ្វើឱ្យរាងកាយរបស់នាងលូតលាស់កម្ពស់ខ្ពស់ជាងមនុស្សទូទៅធម្មតា។ នាងគឺជាមនុស្សទី ២៧ លើពិភពលោកដែលកើតមានជំងឺកម្រមួយនេះ។
ងាកមក អ្នកស្រី Amge វិញ គឺជាតារាសម្ដែងដ៏ល្បីល្បាញម្នាក់ក្នុងប្រទេសឥណ្ឌា។ នាងបានកើតមានជំងឺមួយហៅថា achondroplasia ដែលជាជំងឺប៉ះពាល់លើដៃជើងរបស់នាង ធ្វើឱ្យនាងមានកម្ពស់ទាបជាងមនុស្សទូទៅធម្មតា។ ទោះជាកាយសម្បទាមិនប្រក្រតីដូចមនុស្សទូទៅក្ដី ប៉ុន្តែ Amge ទទួលបានក្ដីស្រឡាញ់ពីមនុស្សជាច្រើនជុំវិញសកលលោក៕