ទម្លាយសម្បត្តិដុលរបស់ Raymond Lam ប្រុសស្អាតប្រចាំ TVB ដេកចាយយ៉ាងម៉ិចក៏មិនងាយអស់
កាលពីពេលថ្មីៗកន្លងមកនេះ តារាសម្ដែងប្រុសហុងកុង Raymond Lam បានបើកភោជនីយដ្ឋានថ្មីមួយកន្លែងនៅក្នុងទីក្រុងសៀងហៃ បើតាមការចុះផ្សាយឱ្យដឹងថា តារាសម្ដែងប្រុសរូបនេះ បានចំណាយប្រាក់យ៉ាងច្រើនដើម្បីជួលមេចុងភៅលំដាប់កំពូល មកបម្រើសេវាម្ហូបអាហារក្នុងភោជនីយដ្ឋាន។
បើនិយាយដល់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Raymond Lam ដែលមានក្នុងដៃនាពេលបច្ចុប្បន្ននេះ គឺមានប្រមាណជាង ១០០ លានយ័ន (ប្រហែល ១៤ ៣៨០ ០០០ ដុល្លារអាមេរិក) ក្រៅពីប្រភពចំណូលពីវិស័យសិល្បៈ តារាប្រុសរូបនេះក៏បានរកប្រាក់ចំណេញពីអាជីវកម្មភោជនីយដ្ឋាន និង បារ ដែលសហការបើកជាមួយបងប្រុស ហើយគ្រាន់តែអាជីវកម្មទាំងនេះ អ្នកទាំងពីរអាចរកលុយចូលហោប៉ៅបានរាប់សិបលានក្នុងមួយឆ្នាំ។
សូមបញ្ជាក់ផងដែរថា លោក Raymond Lam បានរៀបការជាមួយនឹងតារាបង្ហាញម៉ូដ Carina Zhang កាលពីចុងឆ្នាំ ២០១៩ ប៉ុន្តែមិនបានរៀបចំពិធីមង្គលការធំនោះទេ ដោយសារតែការរាតត្បាតរបស់ជំងឺកូវីដ-១៩៕