ឪពុកកំពុងជាប់រឿងក្ដីរុំខ្លួន កូនប្រុស Diddy ចូលក្លឹបរាំឱបកៀកកើយមិត្តស្រី រហូតមហាជនរិះគន់ធ្ងន់ៗ
កាលពីរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ តារារ៉េបកំពុងផ្ទុះរឿងអាស្រូវ Diddy បានបង្ហាញខ្លួនក្នុងសវនាការលើកដំបូងនៅតុលាការ Manhattan Federal Court នាក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ក្រោយរងការចោទប្រកាន់ពីបទឧក្រិដ្ឋមួយចំនួនដូចជា ការជួញដូរផ្លូវភេទ អំពើពេស្យាចារ និងការគប់គិតដើម្បីជំរិតទារប្រាក់ ដោយការឡើងសវនាការលើកដំបូងនេះក៏មានវត្តមានម្ដាយ និង កូនៗរបស់លោកមកផ្ដល់ជាកម្លាំងចិត្តផងដែរ។
យ៉ាងណាមិញ ត្រឹមរយៈពេល ២ ថ្ងៃក្រោយការឡើងសវនាការរបស់ឪពុក លោក Christian Combs ឬ King Combs កូនប្រុសរបស់ Diddy ត្រូវបានប្រទះឃើញជប់លៀងសប្បាយជាមួយមិត្តស្រី Raven Tracy នៅក្នុងក្លឹបយ៉ាងសប្បាយរីករាយ។ ឃ្លីបវីដេអូនោះដែរ បានផ្ទុះចែកចាយពាសពេញបណ្ដាញសង្គម ដោយបង្ហាញឱ្យឃើញគូស្នេហ៍ទាំងពីររាំប្រកៀកប្រកិតគ្នាយ៉ាងស្អិតល្មួតបំផុត។
សកម្មភាពរបស់ King Combs សប្បាយអរទាំងដែលឪពុកនៅក្នុងគុកនេះដែរ បានបង្កឱ្យមានការរិះគន់វែកញែកព្រោងព្រាតពីសំណាក់មហាជនតាមបណ្ដាញសង្គម។ មហាជនជាច្រើនបានរិះគន់ទៅលើ King Combs ធ្ងន់ៗថា៖ «មើលទៅដូចខ្ញុំកំពុងមើល Diddy កាលពីក្មេង» «គេមើលទៅចង់ធ្វើខ្លួនឱ្យដូច Diddy» «ខ្ញុំនឹងមិនផឹកអ្វីទាំងអស់ដែលគ្រួសារត្រកូល Combs ឱ្យខ្ញុំ» «ឪពុកយ៉ាងម៉េច កូនគឺអ៊ីចឹង» «សប្បាយតាមដែលអាចធ្វើបាន ព្រោះដឹងខ្លួនឯងនឹងមានវាសនាដូចឪពុក»៕
ប្រភព៖ Kenh14