ចត់បាយ! អ្នកស្រី អ៊ឹម សុគន្ធា បកឱ្យតា Nawat ថាកុំដៀលនាងក្រ អ្នកក្រពិត គឺអ្នកចង់បានលុយគេ
មកទល់ពេលនេះ រឿងរ៉ាវចម្រូងចម្រាស់នៃការបញ្ចប់ការធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួត Miss Grand International 2024 របស់កម្ពុជាជាមួយនឹងស្ថាប័ន Miss Grand International ថៃ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ដោយភាគីខាងថៃ ជាពិសេសគឺលោក Nawat តែងតែបោះសម្តីឌឺដងផ្លែផ្កាមកកាន់ MGC ជារឿយៗ។
ម្យ៉ាងវិញទៀត នៅក្នុងការសម្ភាសកាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ លោក Nawat ដែលជាប្រធានស្ថាប័ន MGI បានបោះសម្តីច្រើនណាស់មកលើខាង MGC កម្ពុជា។ ក្នុងនោះអ្វីដែលហួសចិត្តខ្លាំងបំផុតនោះ គឺលោក Nawat បាននិយាយដោយអាកប្បកិរិយាសប្បាយចិត្តឌឺដងថា ខ្លួនបានលុយជិតមួយលានបាតចូលហោប៉ៅយ៉ាងស្រួល ព្រោះខាងអ្នកគ្រប់គ្រង MGC ល្ងង់ណាស់ ដែលបានបោះចោលសិទ្ធិការប្រឡងនៅឆ្នាំក្រោយនេះដោយខ្លួនឯង លោកពិតជាអរគុណយ៉ាងខ្លាំង។
ដោយឡែក អ្នកកាសែតឯណោះវិញទៀតសោតក៏នាំគ្នាសាទរលោក Nawat ដោយមិនខ្មាសអៀនដូចគ្នា ដែលធ្វើឱ្យមហាជនអ្នកគាំទ្រនៅកម្ពុជាឃើញហើយរឹតតែមានការហួសចិត្តថែមមួយកម្រិតទៀត។
ងាកមកកាន់ អ្នកស្រី អ៊ឹម សុគន្ធា វិញ ក្រោយពីបានឃើញលោក Nawat បាននិយាយពាក្យគួរឱ្យហួសចិត្តយ៉ាងនេះឡើងហើយ អ្នកស្រីក៏បានបង្ហោះសារថា៖ «បើចង់បានលុយខ្ញុំណាស់ ក៏យកទៅ! ហើយកុំមកដៀលថាខ្ញុំក្រទៀត អ្នកក្រពិតប្រាកដ គឺអ្នកចង់បានលុយគេ ហើយនៅសើចសប្បាយទៀត»៕