គ្មានឱកាសក្លាយជានាដកា កញ្ញា ញ៉ែម សុភាព ប្រើជំនាញគំនូរ គូរតួអង្គនារីរបាំដើម្បីបំពេញក្តីស្រមៃ
វិចិត្រការិនី ញ៉ែម សុភាព ត្រូវបានគេស្គាល់ថា ជាសិល្បករឯករាជ្យ ដែលមានជំនាញទៅលើគំនូរពណ៌ប្រេង។ គំនូររបស់នាងទៀតសោតមានលក្ខណៈ Realistic (គំនូរមើលឃើញ) លាយឡំបែប Impressionist និង បែប Romanticism។
ទាក់ទិញនឹងការចាប់ផ្តើមអាជីពគំនូរ នៅឆ្នាំ ២០១៣ ស្ថិតក្នុងវ័យជំទង់ យុវតី ញ៉ែម សុភាព បានចូលសិក្សាគំនូរនៅសាលា Yamada School of Art ។ នៅឆ្នាំ ២០១៣-២០១៤ សុភាព បានចូលប្រកួតក្នុងកម្មវិធីគំនូររបស់ជប៉ុន «Dream Girl» ចំនួនពីរលើក ដោយលើកទី ១ ទទួលបានជ័យលាភីលេខ ៣ ឯលើកទី ២ ទទួលបានជ័យលាភីលេខ ១។ មែនទែនទៅ សុភាព នាងធ្លាប់ប្រកួតគំនូរតាំងតែពីវ័យកុមារ ពោលកាលពីរៀននៅថ្នាក់ទី ៦ ប្រកួតគំនូរមាត់ធ្មេញទទួលបានចំណាក់ថ្នាក់លេខ ១ បន្ទាប់មកពេលរៀនថ្នាក់ទី ៨ ប្រកួតគំនូរនេះម្តងទៀតទទួលបានលេខ ១ ផងដែរ។ ពីឆ្នាំ ២០១៣ មក សុភាព បានចូលរួមបង្ហាញស្នាដៃតាមរយៈពិព័រណ៍គំនូរនានាទាំងក្នុង និង ក្រៅប្រទេសដូចជា ជប៉ុន និង កូរ៉េ ជាដើម។
ចំណោមស្នាដៃជាបន្តបន្ទាប់ ក្នុងនោះស្នាដៃគំនូររបស់ សុភាព ភាគច្រើនគូរអំពីតួអង្គរបាំបុរាណ ជាពិសេសរបាំព្រះរាជទ្រព្យ។ ទាក់ទងនឹងតួអង្គគំនូរនេះ សុភាពបានបង្ហើបថា ពីដំបូងឡើយបំណងប្រាថ្នារបស់នាង គឺចង់ក្លាយជានាដកា តែដោយសារគ្មានឱកាស នាងក៏ចាប់យកអាជីពគំនូរវិញ។
នាងបាននិយាយលើកឡើងយ៉ាងដូច្នេះ៖ «ហេតុផលដែលភាគច្រើនខ្ញុំគូរទៅលើរបាំ និងវប្បធម៌ នេះក៏ព្រោះខ្ញុំស្រលាញ់ចូលចិត្តរបាំ ហើយក៏ចង់ក្លាយជាអ្នករបាំផងដែរ។ មួយវិញទៀត ខ្ញុំមើលឃើញពីការលះបង់របស់សិល្បករជំនាន់មុនៗដែលពួកគាត់ខិតខំហ្វឹកហាត់ និង ចងក្រងទុកជាមរតកមកដល់សព្វថ្ងៃ»។
កន្លងមក ស្នាដៃគំនូររបស់ វិចិត្រការិនី ញ៉ែម សុភាព ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ។ ក្នុងនោះស្នាដៃលេចធ្លោមានដូចជា «A Ceremony in 1959» និង «ទេពអប្សរនៃអង្គរ» ជាដើម៕