ធ្លាប់មានកិត្តិយសបានសម្តែងជាមួយ តែពេលនេះ វណ្ណដា មិនទាន់ដឹងលោកតា គង់ ណៃ អនិច្ចកម្មទេ ខណៈកំពុងនៅអាមេរិក
នៅរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ នេះ មហាជនកំពុងមានក្តីសោកសង្រេងយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ វីរសិល្បករចាប៉ីដងវែង។
ដំណឹងខាងលើនេះដែរ បានធ្វើឱ្យប្រជាជនកម្ពុជា និង សិល្បករ សិល្បការិនី បាន និង កំពុងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ដែលបានបាត់បង់លោកតា លោកឪពុក និង ស្វាមី ជាទីស្រឡាញ់គ្មានថ្ងៃត្រលប់។
យ៉ាងណាមិញ ក្រឡេកទៅមើលតារាចម្រៀងរ៉េប វណ្ណដា ដែលជាសិល្បករជំនាន់ក្រោយម្នាក់ធ្លាប់បានរួមការងារជាមួយលោកតា គង់ ណៃ នៃស្នាដៃចុងក្រោយរបស់លោកតា ក្នុងបទ «Time To Rise» វិញ ហាក់នៅមិនទាន់បានដឹងដំណឹងពីមរណភាពរបស់លោកតានៅឡើយនោះទេ។
ក្នុងនោះដែរ មហាជនជាច្រើនក៏បានលើកឡើងថា វណ្ណដា អាចនឹងមិនទាន់ទទួលបានដំណឹងដ៏សោកសៅមួយនេះ ក៏ព្រោះតែពេលនេះលោកកំពុងតែនៅឯសហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត នៅថ្ងៃ ២៩ ខែមិថុនា ឆ្នាំ ២០២៤ វណ្ណដា នឹងមានការសម្តែងនៅអាមេរិកផងដែរ។
ជាការពិតណាស់ កន្លងមក វណ្ណដា និង ផលិតកម្មបារមី បានគិតគូរយ៉ាងខ្លាំងដល់លោកតា គង់ ណៃ ដោយក្នុងនោះមានទាំងការបង្កើតមូលនិធិជួយដល់លោកតា ព្រមទាំងនៅពេលលោកតាឈឺ វណ្ណដា ក៏បានទៅសួរសុខទុក្ខលោកតាដល់ផ្ទះនាខេត្តកំពតទៀតផង៕