ពហុកីឡដ្ឋានរាងដូចផែនដី កម្ពស់ ១១០ ម៉ែត្រ ធំជាងគេនឹងលេចរូបរាងយ៉ាងត្រដែត នៅកណ្តាលក្រុង Las Vegas
តើអ្នកដឹងទេថាពហុកីឡដ្ឋានធំជាងគេក្នុងពិភពលោកនៅប្រទេសណា? ចំណាយប្រាក់ប៉ុន្មានក្នុងការសាងសង់? ជាក់ស្ដែងយោងតាមគេហទំព័រ World Record Acedemy បានចុះផ្សាយកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅថា MSG Sphere ត្រូវបានគេចាត់ទុកថានឹងក្លាយជាពហុកីឡដ្ឋានធំបំផុតនៅលើពិភពលោក ដែលគ្រោងនឹងបើកដំណើរការនៅពាក់កណ្ដាលឆ្នាំ ២០២៣ នៅទីក្រុង Las Vegas នៃសហរដ្ឋអាមេរិក។
MSG Sphere មានឈ្មោះពេញថា Madison Square Garden ក្នុងទីក្រុង Las Vegas ត្រូវបានកំណត់ទុកសម្រាប់រៀបចំព្រឹត្តិការណ៍ធំៗដូចជា ការប្រកួតប្រដាល់ ការប្រកួតសិល្បៈក្បាច់គុនចម្រុះ និង ការសម្តែងដ៏អស្ចារ្យផ្សេងៗទៀត។ គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៨ ដោយបណ្ដាក់ទុនរួមគ្នារវាង Las Vegas Sands Corporation និង Maddison Square Garden Company និង ត្រូវបានប៉ាន់ស្មានថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២១ ប៉ុន្តែដោយសារតែមេរោគកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ការងារទាក់ទងនឹងខ្សែសង្វាក់ផ្គត់ផ្គង់ និង លក្ខខណ្ឌការងារ ដោយបានពន្យារពេល ហើយត្រូវបានគេបានព្យាករណ៍ថា ការសាងសង់នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៣ នេះ។
យ៉ាងណាមិញ គម្រោង MSG Sphere បានពន្យារពេលជាច្រើនដង ទើបធ្វើឱ្យថ្លៃសាងសង់កើនឡើងជាច្រើនដងដែរគឺ ចាប់ពី ១.២ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩ ដល់ ១.៨ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ ហើយនៅឆ្នាំ ២០២៣ នេះមានតម្លៃ ២.១៧ ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ MSG ក៏មានគម្រោងនឹងបង្កើតការងារជាអចិន្ត្រៃយ៍ប្រមាណ ៤៤០០ នៅពេលដែលវាបើកទ្វារក្នុងឆ្នាំ ២០២៣ នេះ ហើយត្រូវបានរំពឹងទុកថានឹងរកចំណូលបានប្រមាណ ៧៣០ លានដុល្លារពីទេសចរណ៍ និង ការចូលទស្សនាប្រចាំថ្ងៃ។
គួរបញ្ជាក់ដែរថា MSG Sphere មានកម្ពស់ជាង ១១០ ម៉ែត្រ ទទឹង ១៥៧ ម៉ែត្រ ដែលមានកន្លែងអង្គុយចំនួន ១៧ ៥០០ កៅអី ប៉ុន្តែអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ២០ ០០០ នាក់ ហើយផ្នែកខាងក្រៅរបស់វាគ្របដណ្តប់លើផ្ទៃដីប្រមាណ ៥៣ ៨៨៣ ម៉ែត្រការ៉េ។ លើសពីនោះ MSG Spere ក៏មានអេក្រង់ស្វ៊ែរ HD ដ៏ធំមួយទំហំ ១៩ ០០០ គុណនឹង ១៣ ៥០០ ភីកសែល គ្របដណ្ដប់នៅទីលានបាល់ទាត់ ដែលវាច្បាស់ជាង ១០០ ដង ជាងទូរទស្សន៍ HD លំដាប់ពិភពលោកល្អបំផុតនៅលើទីផ្សារ។ លើសពីនេះទៅទៀត នៅពេលដែល MSG Sphere បើកសម្ពោធនឹងមានក្រុមតន្រ្តីរ៉ុកអៀរឡង់ U2 ប្រគំតន្រ្តីបើកឆាក ដែលនេះជាក្រុមតន្ត្រីទេសចរណ៍រកចំណូលបានច្រើនជាងគេទីពីរបន្ទាប់ពី Rolling Stones។
គួរដឹងដែរថា MSG Entertainment បានរាយការណ៍កាលពីខែសីហា ឆ្នាំ ២០២១ កន្លងទៅថា ការសម្ពោធនេះគ្រោងនឹងធ្វើឡើងស្របពេលជាមួយនឹងព្រឹត្តិការណ៍ FIA Formula One World Championship ដែលនឹងមកដល់រដ្ឋ Nevada ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ បើទោះបីជាមិនមានកាលបរិច្ឆេទជាក់លាក់ណាមួយឡើយ៕
ប្រភព ៖ World Record Academy