ស្នងការបញ្ជាក់ អ្នកបើកបររដល់ភ្លើងស្តុបលឿង កង់មុខផុតគំនូសពណ៌ស អាចបន្តដំណើរបានមិនផាកពិន័យទេ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៣ បានបញ្ជាក់ឱ្យដឹងថា អ្នកបើកបរយានជំនិះពេលមកដល់ភ្លើងស្តុបពណ៌លឿង បើកបរជ្រុលបានន័យថាកង់ខាងមុខឆ្លងផុតគំនូសជាប់ពណ៌សដែលកាត់ទទឹងផ្លូវ ឬ មានគំនូសថ្មើរជើងឆ្លងកាត់ អ្នកបើកបរនៅតែអាចបន្តដំណើរទៅមុខបាន អាចទៅមុខត្រង់ បត់ស្តាំ ឬ បត់ឆ្វេង ករណីនេះមន្ត្រីចរាចរណ៍មិនអាចផាកពិន័យបានទេ។
ខាងស្នងការបានបញ្ជាក់បែបនេះ តាមរយៈសេចក្តីបកស្រាយបំភ្លឺព័ត៌មាន ដែលកំពុងផ្ទុះល្បីលើបណ្ដាញសង្គម បង្ហោះដោយគណនីមួយដែលមានឈ្មោះ Rachana Kim នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៣ នេះ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា តាមច្បាប់ចរាចរណ៍ផ្លូវគោក នៅកម្ពុជា អ្នកដែលល្មើសច្បាប់ត្រូវតែធ្វើការផាកពិន័យតាមច្បាប់ ការគោរពច្បាប់បានល្អរបស់ប្រជាពលរដ្ឋ បង្ហាញពីចរិតនៃការចូលរួមគោរពច្បាប់ និង បង្ហាញពីកិត្យានុភាព និង កិត្តិយសរបស់ប្រជាជាតិ និង ប្រជាពលរដ្ឋរបស់ប្រទេសនោះផងដែរ។ ដូច្នេះបើមានភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និយាយជារួមមានច្បាប់ហើយមិនគោរព តើវានឹងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កម្រិតណា ធ្វើឱ្យបាត់បង់អាយុជីវិត គ្រោះថ្នាក់បណ្តាលឱ្យពិការ និង បាត់បង់ទ្រព្យសម្បត្តិជាច្រើនទៀតផង៕