មុនផ្អើលបាត់ខ្លួនពីផ្ទះរកមិនឃើញ អតីតកីឡាករជម្រើសជាតិ ណុប តុលា ធ្លាប់ផុសសារសោកសៅខ្លាំងកាលប៉ុន្មានថ្ងៃមុនម្ដងហើយ
នៅយប់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាចែករំលែកបន្តគ្នាព្រោងព្រាត ចំពោះដំណឹងបាត់ខ្លួនអតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ណុប តុលា ដែលលោកបានចាកចេញពីផ្ទះ ព្រមទាំងបង្ហោះសារលាក្រុមគ្រួសារថា ៖ «ខ្ញុំសោកស្ដាយអ្វីដែលខ្ញុំធ្វើ ខ្ញុំកែខ្លួនលែងបានហើយ លក់ទាំងឈ្មោះ លក់ទាំងកេរ្តិ៍ឈ្មោះខ្លួនឯង និង គ្រួសារ ពេលខ្ញុំលាអ្នកទាំងអស់គ្នាហើយ Rip សុំទោសប្រពន្ធសម្លាញ់ និង កូនប៉ាម៉ាក់»។
ទាក់ទិនទៅនឹងរឿងនេះ គិតពីម៉ោង ១១ យប់ ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ មកដល់ព្រឹកថ្ងៃទី ១៩ វិច្ឆិកា នេះ គឺមិនទាន់ទទួលបានដំណឹងរបស់អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ណុប តុលា នៅឡើយទេ ខណៈក្រោយបង្ហោះសារលាក្រុមគ្រួសារ លោកបានបន្សល់ទុកម៉ូតូ និង សម្ភារៈ នៅម្តុំស្ពានព្រែកសំរោង ដែលនាំឱ្យក្រុមគ្រួសារ ព្រមទាំងភរិយារបស់លោក នាំគ្នាចុះស្វែងរក អុជធូបបន់ម្ចាស់ទឹកម្ចាស់ដី ដល់ស្ពានព្រែកសំរោង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
យ៉ាងណាមិញ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលទៀតនោះ ក្រៅពីសារដែលបង្ហោះលាក្រុមគ្រួសារ និង សុំទោសចំពោះទង្វើដែលលោកបានធ្វើ កាលពីប៉ុន្មានថ្ងៃមុនពោលគឺនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ណុប តុលា ក៏ធ្លាប់បានបង្ហោះសារបែបសោកសៅមួយ ដែលសារនោះមានអត្ថន័យដូចតទៅ ៖ «ដើមត្នោតរឹងមំា មិនថាត្រូវភ្លៀង ត្រូវក្តៅ ត្រូវខ្យល់ ក៏អាចឈរមិនដួលរលំ ខ្ញុំពេលឥលូវនេះមិនអាចក្រោកឈរ និង រឹងមាំដូចជាដើមត្នោតបែបនេះ។ ជីវិតគ្មានន័យ»៕