ចុងឆ្នាំ ថៃជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ លិចផ្ទះពលរដ្ឋជាង ៦០ ម៉ឺនគ្រួសារ និង ឆ.ក់យកជី-វិតមនុស្សអស់ ១២ នាក់
យ៉ាងហោចណាស់មនុស្ស ១២ នាក់បានស្លាប់ ខណៈពលរដ្ឋប្រមាណជាង ៦០ ម៉ឺនគ្រួសាររងការប៉ះពាល់ដោយគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតនៅភាគខាងត្បូងប្រទេសថៃ នេះបើតាមការបញ្ជាក់ពីខាងភ្នាក់ងារដ្ឋាភិបាលថៃ។
គិតតាំងពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ នៅភាគខាងត្បូងប្រទេសថៃ បានរងការវាយប្រហារដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ បណ្ដាលឱ្យលិចលង់ផ្ទះសម្បែងពលរដ្ឋចំនួន ៦៤០ ៥៨១ គ្រួសារក្នុងខេត្តចំនួន ១០ ដោយក្នុងចំណោមនោះមានមនុស្សប្រមាណ ១៣០០០ នាក់ ត្រូវបានជម្លៀស ហើយជំរំបណ្ដោះអាសន្នចំនួន ២០០ ត្រូវបានរៀបចំឡើងរួចរាល់គិតត្រឹមថ្ងៃទី ០១ ខែធ្នូ កន្លងទៅនេះ។ គួរឱ្យដឹងដែរថា មកទល់បច្ចុប្បន្នខេត្តចំនួន ៧ នៅបន្តរងគ្រោះដោយទឹកជំនន់មិនទាន់ស្រកនៅឡើយ។
ខាងរដ្ឋាភិបាលបានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតលើស្ថានភាពទឹកជំនន់ និង បានដាក់ចេញប្រាក់ជំនួយជាបន្ទាន់ចំនួន ៧០ លានបាតក្នុងការជួយពលរដ្ឋលើបញ្ហាគ្រោះធម្មជាតិនេះ៕