កុំឃើញប្រុសៗចូលចិត្តថ្ពក់សោឡាននឹងចង្កេះ ម៉ៃគ្នាថាធ្វើដើម្បីសម្ញែងឡូយ ឱ្យស្រីៗបាក់ស្រិបៗអី តាមពិតគេមានមូលហេតុគេទេ
ថ្ពក់សោឡាននៅចង្កេះ ច្បាស់ណាស់ដឹងតែមានឡានជិះ ឃើញភាគច្រើនបុរសៗចូលចិត្តធ្វើបែបនេះ។ ចុះហេតុអ្វីមានហោប៉ៅ មានកាបូប មិចមិនដាក់? ជាស្ទីល ជាការបង្អួតសម្ញែង ឬ មួយជានុយទាក់អ្នកសម្ភារនិយម? ដើម្បីរកមូលហេតុច្បាស់លាស់ អ្នកស្រាវជ្រាវមួយក្រុមនៅបរទេសបានធ្វើការសិក្សា និង ប្រមូលព័ត៌មាន ដោយចម្លើយភាគច្រើនសុទ្ធតែកើតចេញពីហេតុផល ៤ នេះ។
១. ទម្លាប់ ឬ ស្ទីល៖ បុគ្គលមួយចំនួនធ្វើវាឡើងដើម្បីជាផ្នែកមួយនៃស្ទីលលេងខ្លួនរបស់ពួកគេ ហើយយូរៗទៅវាក៏ក្លាយជាទម្លាប់ប្រចាំថ្ងៃ។ អាចថាជាការនិយមតាមគ្នាផងដែរ នៅពេលឃើញគេធ្វើមកឡូយ មើលមកឡើងកាលីបលំដាប់មួយបែប ពួកគេក៏ចង់ធ្វើតាមដូចគ្នា។ អ្នកខាងក្រៅ ឃើញពួកគេមើលមកដូចសម្ញែង តែតាមពិតពួកគេគ្រាន់តែប្រើវាជាស្ទីលលេងខ្លួនឡើងកាលីបមួយកម្រិតទៀត ឧទាហរណ៍ដូចជាស្រីៗពាក់ខ្សែ-ក ក្រវិល ដើម្បីបន្ថែមភាពលេចធ្លោនេះឯង។
២. មិនចូលចិត្តសាំញុំា៖ ជារបៀបរបស់បុគ្គលមិនចូលចិត្តកាន់របស់របរតាមខ្លួនដូចជា កាបូប ឬ ដាក់ក្នុងហោប៉ៅនាំតែទើស។ ដូច្នេះជម្រើសល្អបំផុត ថ្ពក់តែនឹងចង្កេះខោជាការស្រេច។
៣. ជានិមិត្តសញ្ញា៖ ក្នុងករណីខ្លះ វាតំណាងឱ្យការត្រៀមខ្លួន ឬ ទំនួលខុសត្រូវ ជាពិសេសបុគ្គលមានវិជ្ជាជីវៈ ដែលការងាររបស់ពួកគេត្រូវប្រើសោឡានជាចម្បង ឧទាហរណ៍ដូចជា អ្នកបើកឡាន អ្នកគ្រប់គ្រង ឬ អ្នកផ្តល់សេវាកម្មដឹកជញ្ជូន…ជាដើម។
៤. លឿនៗងាយៗ៖ ថ្ពក់សោឡាននឹងចង្កេះខោផ្តល់ភាពងាយស្រួល និង ឆាប់រហ័ស។ ជាក់ស្តែង ថ្ពក់នឹងចង្កេះខោជាកន្លែងដែលក្បែរដៃបំផុត ពេលត្រូវការបន្ទាន់ គ្រាន់តែស្រវាភ្លាម ប្រើបានរហ័សភ្លែត។ ម្យ៉ាងវាក៏ជួយកាត់បន្ថយឱកាសបាត់ ឬ វង្វេងសោផងដែរ៕