សេដ្ឋីឥណ្ឌាម្នាក់ ប្រគល់មរតកសឹងទាំងអស់ឱ្យឆ្កែសំណព្វចិត្ត រីឯសាច់ញាតិបានត្រឹមមួយចំណែកតូច
លោក Ratan Tata អតីតប្រធានក្រុមហ៊ុន Tata Group ជាអ្នកជំនួញល្បីឈ្មោះប្រាក់វាល់លានមួយរូបនៅប្រទេសឥណ្ឌា បានទទួលមរណភាពទៅហើយកាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនាមន្ទីរពេទ្យមួយកន្លែងនាទីក្រុង Mumbai ក្នុងវ័យ ៨៦ ឆ្នាំ។
លោក Ratan Tata មិនធ្លាប់រៀបការ និង មិនមានកូនស្នងត្រកូលនោះឡើយ ដូចនេះមុនពេលលាចាកលោក សេដ្ឋីលុយវាល់លានសញ្ជាតិឥណ្ឌារូបនេះបានធ្វើបណ្ដាំកេរ្តិ៍មរតកដោយលោកបានឱ្យមួយចំណែកតូចនៃទ្រព្យសម្បត្តិដែលលោករកបានទៅឱ្យប្អូនប្រុសបង្កើត និង ប្អូនស្រីចុង។ ចំណែកទ្រព្យដែលនៅសល់ចំនួន ១១៨ លានដុល្លាររបស់លោកគឺលោកប្រគល់ទៅឱ្យសត្វឆ្កែសំណព្វចិត្តឈ្មោះថា Tito។ ក្នុងបណ្ដាំនោះទៀតសោត លោក Ratan Tata ក៏បានកត់បញ្ជាក់នូវបទប្បញត្តិជាច្រើនដើម្បីធានាថាសត្វចិញ្ចឹមរបស់លោកត្រូវគេមើលថែទាំយ៉ាងល្អបំផុត។ ជាការពិតណាស់ ពេលនៅមានជីវិត លោក Ratan Tata ត្រូវបានគេស្គាល់ថាជាអ្នកដែលស្រឡាញ់សត្វខ្លាំង។ លោកធ្លាប់បានបង្កើតច្បាប់មួយដែលឱ្យអ្នកយាមនៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុនរបស់លោកកុំឱ្យបោះបង់ឆ្កែអនាថាចោលថែមទៀតផង។
លោក Suhel Seth មិត្តជិតស្និទ្ធរបស់លោក Tata បានទម្លាយថាមិត្តរបស់លោកក៏បានទុកប្រាក់មួយចំនួនធំឱ្យអ្នកបម្រើ និង ជាជំនួយការលោកឈ្មោះ Konar Subbiah រួមទាំងមេចុងភៅផ្ទាល់ខ្លួន Rajan Shaw។ លោក Seth រៀបរាប់ថា៖ «គាត់ផ្ដល់ឱ្យច្រើនមែនទែន។ ពួកគេគ្រាន់តែមើលថែទាំ Tito ឱ្យបានល្អ ហើយរីករាយរស់នៅជីវិតយ៉ាងប្រណីតឥតខ្វះ»។ លោកបានបន្ថែមទៀតថា ក្នុងប្រទេសឥណ្ឌាគឺកម្រណាស់ដែលសត្វចិញ្ចឹម និង អ្នកបម្រើទទួលបានកេរ្តិ៍មរតកសឹងទាំងអស់បែបនេះ ជាធម្មតាទ្រព្យសម្បត្តិទាំងប៉ុន្មានគឺប្រគល់ទៅឱ្យសមាជិកក្រុមគ្រួសារសាច់ញាតិ។
គួរបញ្ជាក់ថា លោក Ratan Tata បានកើតនៅក្នុងឆ្នាំ ១៩៣៧ នាទីក្រុង Bombay (បច្ចុប្បន្នហៅ Mumbai) ប្រទេសឥណ្ឌា។ ក្ដីបំណងដំបូង លោកចង់ធ្វើជាស្ថាបត្យករនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកក៏វិលត្រឡប់មកស្រុកកំណើតវិញដើម្បីដំណើរការមុខជំនួញរបស់ក្រុមគ្រួសារ។ រហូតមកដល់ឆ្នាំ ២០២២ លោកបានជាប់ឈ្មោះលំដាប់លេខរៀងទី ៤២១ លើតារាងអ្នកមានទ្រព្យច្រើនជាងគេបំផុតក្នុងប្រទេសឥណ្ឌា។ បច្ចុប្បន្ន ក្រុមហ៊ុន Tata Group មានក្រុមហ៊ុនតាមផ្នែកសរុបជិត ១០០ ក្រុមហ៊ុន ដោយក្នុងនោះរួមមានក្រុមហ៊ុនផលិតយានយន្ត ក្រុមហ៊ុនផលិតដែកថែបធំជាងគេបំផុតនៅឥណ្ឌា និង ក្រុមហ៊ុនផ្ដល់សេវាកម្ម software ឈានមុខគេមួយផងដែរ៕
ប្រភព៖ VN Express