ល្បីពេកចេញចរិតខ្មឺត! ស្រីស្អាតលក់ទឹកក្រឡុកល្បីនៅថៃ ផ្ទុះការិះគន់ដូចព្យុះ ក្រោយជួលសន្ដិសុខដេញអ្នកអត់ទិញកុំឱ្យថតនាង
បើនិយាយពីអ្នកលក់ដូរក្នុងក្រុងបាងកក ប្រទេសថៃ មនុស្សភាគច្រើនប្រាកដជាធ្លាប់បានឮហើយ ពីស្រីស្អាតលក់ទឹកក្រឡុកដ៏ល្បីល្បាញម្នាក់ដែលមានតូបលក់នៅផ្សាររាត្រី Jodd Fairs។ ស្រីស្អាតលក់ទឹកក្រឡុកនៅថៃនេះដែរផ្ទុះល្បីខ្លាំងកាលពីឆ្នាំ ២០២២ ដែលបានទាក់ទាញភ្ញៀវជាច្រើន មិនថាតែភ្ញៀវជាតិ សូម្បីភ្ញៀវអន្តរជាតិ ក៏នាំគ្នាទៅផ្សាររាត្រី Jodd Fairs ដើម្បីតែបានជួបបានឃើញរូបសម្រស់របស់នាងដោយផ្ទាល់ផងដែរ។
តាមរបាយការណ៍ព័ត៌មានមួយចំនួនបានឱ្យដឹងទៀតថា ដោយសារតែមនុស្សសម្រុកទៅតូបនាងច្រើនពេក ស្រីស្អាតលក់ទឹកក្រឡុករូបនេះក៏បានជួលសន្តិសុខឱ្យមកការពាររូបនាងពីអ្នកគាំទ្រផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះស្រីស្រស់លក់ទឹកក្រឡុកនៅ Jodd Fairs កំពុងរងការរិះគន់ និង មិនពេញចិត្តខ្លាំងពីភ្ញៀវមួយចំនួនចំពោះអត្តចរិតខ្មឺតមិនរួសរាយរបស់នាង។
តាមមហាជនមួយចំនួនបានលើកឡើងថា នារីលក់ទឹកក្រឡុកនេះគឺលែងឱ្យភ្ញៀវដែលមិនទិញទឹកក្រឡុកនាងថតរូបនាងទៀតហើយ។ អ្នកដែលចង់ថតរូបនាងគឺត្រូវតែចាយលុយយ៉ាងហោចណាស់ ១៥០ បាត ទិញទឹកក្រឡុកសិនទើបអាចថតបាន។ មហាជនបានលើកឡើងបន្ថែមថា នាងនឹងឈរបែរខ្នងភ្លាមដាក់អ្នកដែលមិនទិញទឹកក្រឡុកនាង ហើយករណីខ្លះទៀតភ្ញៀវទាំងនោះថែមទាំងត្រូវសន្តិសុខរបស់នាងបណ្ដេញចេញទៀតផង។
គួរឱ្យដឹងថា តាមភ្ញៀវដែលទៅផ្សារ ហើយដើរកាត់តូបរបស់នាងបាននិយាយដែរថា តូបលក់ទឹកក្រឡុករបស់ស្រីស្អាតនេះគឺមិនសូវមានមនុស្សសម្រុកទៅដូចពីមុនឡើយ ខណៈមហាជនមួយចំនួនទៀតលើកឡើងថា តម្លៃទឹកក្រឡុកខាងតូបនាងក៏ថ្លៃខ្លាំងជាងតូបដទៃដែលមិនសូវល្បីផងដែរ៕
ប្រភព៖ 8days