(វីដេអូ) អស្ចារ្យណាស់ ទស្សនីយភាពបទ «Time To Rise» របស់ វណ្ណដា ស្ដាប់ឡើងព្រឺសម្បុរ អ្នកគាំទ្រហ៊ោរសឹងផ្ទុះពហុកីឡដ្ឋានជាតិ
ពិតណាស់ កម្មវិធីកីឡាជាតិលើកទី ៣ បានបិទបញ្ចប់នៅល្ងាចថ្ងៃទី ៣០ ខែវិចិ្ឆកា ឆ្នាំ ២០២២ នេះហើយ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
ជាមួយគ្នានោះ នាល្ងាចនេះក៏មានការទស្សនីយភាពបទ «Time To Rise» របស់លោក ម៉ាន់ វណ្ណដា ព្រមទាំងវត្តមាន លោកតាព្រឹទ្ធាចារ្យ គង់ ណៃ និង ភរិយាចូលរួមលើឆាកសម្តែងទៀតផង។ ជាការពិត បើទោះជាលោកតាមិនបានលេង និង ច្រៀងចាប៉ីដោយផ្ទាល់មែន តែនេះជាវត្តមានដ៏កម្ររបស់លោកតា ដោយសារតែលោកមានភាពជរាបន្តិចដែរហើយ។ ជាងនេះទៅទៀត ការសម្តែងនៃទស្សនីយភាពដ៏អស្ចារ្យនេះ ក៏មានវត្តមាន សិល្បករ-ការិនី របស់ផលិតកម្មបារមីផ្សេងទៀតផងដែរ។
យ៉ាងណាមិញ ដោយគ្រាន់តែបើកក្បាលនៃបទ «Time To Rise» នោះភ្លាម មហាជនអ្នកគាំទ្រដែលបានអញ្ជើញចូលរួមដោយផ្ទាល់នៅឯពហុកីឡដ្ឋាននោះ បានស្រែកកងរំពង ហ៊ោរកញ្រ្ជៀវពេសពេញទីកន្លែងនោះតែម្ដង។
ម៉្យាងវិញទៀត ដោយសារតែបទមួយនេះបានលាយបញ្ចូលជាមួយនឹងឧបករណ៍តន្រ្តីបុរាណលាយសម័យ ហើយច្រៀង និង លេងដោយផ្ទាល់នោះកាន់តែធ្វើឱ្យព្រឹត្តិការណ៍មួយនេះកាន់តែអធឹកអធម និង បានធ្វើឱ្យមហាជនទាំងទៅទស្សនាផ្ទាល់ ព្រមទាំងទស្សនាតាមរយៈការ Live ព្រឺសម្បុរយ៉ាងខ្លាំងចំពោះការសម្ដែងមួយនេះ៕