(វីដេអូ) ទម្រាំធូរធារ មានឈ្មោះល្បីដូចសព្វថ្ងៃ នាយក្រូច ឆ្លងកាត់ជីវិតជូរចត់រសាតអណ្ដែតតស៊ូមិនតិចទេ
ប្រិយមិត្តបានស្គាល់រួចមកហើយ នាយក្រូច គឺជាតារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាពមួយរូប ដែលទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីយុវវ័យគ្រប់ស្រទាប់ជាមួយនឹងទេពកោសល្យកំប្លុកកំប្លែង ជាពិសេសសព្វថ្ងៃលោកកាន់តែទាញយកការចាប់អារម្មណ៍គាំទ្រពីមហាជនកាន់តែខ្លាំងតាមរយៈវីដេអូកំប្លែងខ្លីៗដែលនាយបានតុបតែងខ្លួនជាមនុស្សចាស់ ឬ ធ្វើជាស្រវឹង ជាដើម។
យ៉ាងណាមិញ បើក្រឡេកទៅមើលពីជីវិតឯកជនរបស់តារាកំប្លែងមកពីខេត្តកំពង់ស្ពឺរូបនេះ ក៏កំពុងតែសាងជីវិតគ្រួសារមួយយ៉ាងមានសុភមង្គល ប៉ុន្តែអ្វីដែលគេកត់សម្គាល់ចំពោះតារាប្រុសរូបនេះទោះបីមានភាពជោគជ័យក្នុងវិស័យសិល្បៈ មានកេរ្តិ៍ឈ្មោះល្បីមែន តែពុំសូវឃើញលោកបង្ហាញភាពស៊ីវីល័យហាយសូរ ឬ បង្ហាញពីរបស់របរទំនើបៗអ្វីឡើយ ដែលរស់នៅក្នុងភាពសាមញ្ញៗបំផុត។
ដោយឡែក ធ្លាប់តែឃើញលេងកំប្លែងឱ្យមហាជនសើចសប្បាយ ស្របពេលកំពុងជោគជ័យនេះ តែបើបានស្ដាប់ពីប្រវត្តិតស៊ូរបស់ នាយក្រូច វិញ ដែលលោកធ្លាប់បានធ្វើកិច្ចសម្ភាសកន្លងទៅ ទើបដឹងថាលោកក៏មានជីវិតកំសត់មិនតិចដែរកាលពីអតីតកាល។
ក្នុងនោះ នាយក្រូច ធ្លាប់បានរៀបរាប់ឱ្យដឹងថា មុននឹងវិវត្តិខ្លួនក្លាយជាតារាកំប្លែង និង ទទួលជោគជ័យមានឈ្មោះល្បីល្បាញដូចសព្វថ្ងៃ លោកមានប្រវត្តិដ៏ជូរចត់ដើររសាត់អណ្ដែតតស៊ូអស់រយៈពេលជាង ៣ ឆ្នាំ ដោយព្រោះតែជីវភាពផ្គត់ផ្គង់ជីវិតរស់នៅប្រចាំថ្ងៃ លោកធ្លាប់ធ្វើការគ្រប់សប់មានទាំង កាប់អូសលក់ រើសអេតចាយ រែកដី ស៊ីឈ្នួសគេស្ទួង រត់ម៉ូតូឌុប ផ្សារដែក ធ្វើការរោងចក្រជាដើម៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖