ពពោះគេងមិនគ្រប់ មកដឹងគន្លឹះខ្លះៗ អនុវត្តហើយគេងលក់ស្រួល មានកម្លាំង អារម្មណ៍ស្រស់ស្រាយ
អំឡុងពពោះ ការបង្កើតទម្លាប់គេងបានគ្រប់គ្រាន់ មានប្រយោជន៍ជួយបង្កើនថាមពលរាងកាយ និង អារម្មណ៍។ ពីមួយត្រីមាសទៅមួយត្រីមាស ស្ត្រីនឹងសម្គាល់ការគេងមានការផ្លាស់ប្តូរ ជាពិសេសពិបាកគេងបំផុតនៅអំឡុងត្រីមាសទី ៣ ។ មុនប្រាប់ពីគន្លឹះជួយឱ្យគេងគ្រប់គ្រាន់ ជាដំបូងយើងមកស្វែងយល់ទាំងអស់គ្នា អំពីការគេងទៅតាមត្រីមាសនីមួយៗ៖
ត្រីមាសទី ១ ៖ អំឡុងចាប់ផ្តើមមានគភ៌ ស្ត្រីមានអារម្មណ៍ចង់គេងច្រើនជាងធម្មតា នេះក៏ដោយសារតែសុកចាប់ផ្តើមលូតលាស់។ ដូចនេះបើគេងបានកាន់តែច្រើន គឺកាន់តែល្អ។
ត្រីមាសទី ២ ៖ អំឡុងនេះតម្រូវការគេង អាចដូចគ្នាទៅនឹងការគេងមុនពេលមានផ្ទៃពោះ។ តែដោយសារទារកលូតលាស់ វាអាចចាប់ផ្តើមរំខានដល់ដំណេកដូចជា ឧស្សាហ៍ភ្ញាក់ ក្រោកទៅបន្ទប់ទឹកជាដើម។
ត្រីមាសទី ៣ ៖ អារម្មណ៍អស់កម្លាំងនឹងកើតមានឡើង ដោយសារគេងមិនបានគ្រប់គ្រាន់។ ស្ត្រីអាចកង្វះការគេងមកពីកត្តាជាច្រើនដូចជា៖ ចុកចង្កេះ និង ឆ្អឹងខ្នង, ទារកក្នុងផ្ទៃធាក់, រមួលក្រពើ, នោមញឹកជាងមុន, ឡើងទម្ងន់ និង គ្រប់ខែតែមិនទាន់សម្រាល។
ដើម្បីជួយដំណេកគ្រប់គ្រាន់មកវិញ ស្ត្រីអាចអនុវត្តតាមវិធីដូចជា៖
- មុនចូលគេងបន្ធូរអារម្មណ៍ ធ្វើចិត្តឱ្យស្ងប់ ជៀសវាងការគិតច្រើន។
- រក្សាម៉ោងចូលគេង និង ម៉ោងភ្ញាក់ឱ្យបានទៀងទាត់។
- ជៀសវាងមើលឧបករណ៍អេឡិចត្រូនិច ហោចណាស់មួយម៉ោងមុនចូលគេង។ បើកាត់មិនបាន អាចបន្ថយពន្លឺពីឧបករណ៍ឱ្យនៅកម្រិតទាបបំផុត។
- កាត់បន្ថយជាតិកាហ្វេអ៊ីន។
- កាត់បន្ថយស្ត្រេសតាមរយៈការធ្វើលំហាត់ប្រាណ ហាត់យូហ្គា ម៉ាស្សា ឬ សមាធិ។
- គេងផ្អៀង និង មានខ្នើយកល់ឱ្យស្រួលខ្លួន។
- ផឹកទឹកឱ្យបានច្រើនដើម្បីកាត់បន្ថយកើតរមួលក្រពើ។
អនុវត្តវិធីទាំងនេះជាប្រចាំ វានឹងបង្កើតទម្លាប់ធ្វើឱ្យគេងបានស្ងប់ គេងបានគ្រប់គ្រាន់ ហើយភ្ញាក់មកវិញជាមួយថាមពល និង អារម្មណ៍ស្រស់ស្រាយ៕
ប្រភព៖ Cleveland