ទៀតហើយ! ភ្ញៀវទេសចរមួយក្រុមនៅសិង្ហបុរី ត្រូវតៃកុងដេញចុះពីឡាន ខឹងព្រោះមិនព្រមទិញវត្ថុអនុស្សាវរីយ៍
កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ សារព័ត៌មានសិង្ហបុរី Shin Min Daily បានចេញផ្សាយករណីជម្លោះទាស់ទែងមួយរវាងអ្នកបើកឡាន tour និង ភ្ញៀវទេសចរជនជាតិចិនមួយក្រុម ដោយរឿងរ៉ាវនេះត្រូវបានភ្ញៀវទេសចរម្នាក់បង្ហោះលើបណ្ដាញសង្កម។ តាមអ្នកទេសចររូបនោះបានឱ្យដឹងថាអ្នកឡានគឺធ្វើការឱ្យខាងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយ បានបង្ខំឱ្យពួកគេទិញវត្ថុអនុស្សាវរីយ៍ដូចជាបន្ដោងសោ ឬទឹកអប់អីជាដើម តែពួកគេមិនចង់ទិញក៏កើតការខឹងសម្បារហូតទាស់ទែងគ្នា។
តៃកុងឡានរូបនោះគឺខឹងភ្ញៀវខ្លាំងព្រោះទំនិញដែលនាំភ្ញៀវទៅនោះលក់មិនបានតាមអ្វីដែលគេរំពឹងទុក ហើយក្រោយមកមានភ្ញៀវម្នាក់សុំថ្នាំបន្ថយសម្ពាធឈាមពេលញ៉ាំអាហារថ្ងៃត្រង់រួច តៃកុងក៏បដិសេធថែមឌឺដងទៅភ្ញៀវទៀតថា៖ «គ្មានអីឱ្យទេសម្រាប់ជនជាតិចិនដែលអត់ចេះចាយលុយ»។ លើសពីនេះ តៃកុងឡានថែមទាំងបិទទ្វារឡានទាំងដែលភ្ញៀវមិនទាន់បានឡើងទៀតផង។ ភ្ញៀវទេសចរនាំគ្នាក្ដៅស្លឹកត្រចៀកនាំគ្នាទាមទារឱ្យតៃកុងឡានសុំទោសពួកគេ តែតៃកុងចិត្តឆៅមិនខ្ចីសុំទោស និង ថែមទាំងបញ្ជាឱ្យភ្ញៀវទាំងនោះចុះចេញពីឡានទៀត រហូតភ្ញៀវទាំងនោះត្រូវចោលឱ្យដើរតែលតោលតាមផ្លូវ មុនមានឡានក្រុងមួយទៀតដែលអះអាងថាជាអ្នករួមការងារជាមួយតៃកុងមុនមកយកពួកគេត្រឡប់ទៅវិញ។
តៃកុងក្រោយនេះបានសុំការយោគយល់ពីភ្ញៀវដែលត្រូវគេទម្លាក់ចោលកណ្ដាលផ្លូវនេះ ដោយលើកហេតុផលថាតៃកុងឡានភាគច្រើនតែងហត់នឿយយួរវ៉ាលិសធ្ងន់ៗតែមិនដែលទទួលបាន tips អ្វីទេ។ ដោយឡែកចំពោះខាងក្រុមហ៊ុនទេសចរសិង្ហបុរីដែលនាំភ្ញៀវដើរកម្សាន្តនេះ បដិសេធមិនឆ្លើយតបចំពោះហេតុការណ៍នេះឡើយ ហើយចំពោះតៃកុងឡានដែលស្ដីថាឱ្យភ្ញៀវនោះ ត្រូវគេពិន័យ ឬដកចោលក៏មិនមានព័ត៌មានបញ្ជាក់ផងដែរ។
គួរបញ្ជាក់ឱ្យដឹងថា ភ្ញៀវទេសចរជនជាតិចិនខាងលើបានកក់ tour ដើរកម្សាន្តនៅសិង្ហបុរី ម៉ាឡេស៊ី និង ប្រទេសថៃ ជាមួយក្រុមហ៊ុនចិនមួយ។ យ៉ាងណាមិញ ពេលទៅដល់ពួកគេទើបដឹងថាដំណើរកម្សាន្តរបស់ពួកគេត្រូវប្ដូរទៅឱ្យខាងភ្នាក់ងារទេសចរណ៍ក្នុងស្រុក ហើយពួកគេត្រូវជិះឡានក្រុងជាមួយក្រុមភ្ញៀវដទៃទៀត៕
ប្រភព៖ Kenh14