មកដឹងមូលហេតុពីក្រោយការប្ដូរទម្រង់ច្រមុះរបស់ Michael Jackson ដែលគ្រប់គ្នាមិនធ្លាប់ដឹងពីមុន
តារាចម្រៀង Michael Jackson ត្រូវបានចាត់ទុកថា ជាកំពូលតារាចម្រៀងមួយរូបដែលមានឥទ្ធិពល និង ទេពកោសល្យខ្លាំងជាងគេបំផុត រហូតជាប់ឈ្មោះជា ស្ដេចចម្រៀងប៉ុប។ ខណៈជាប់ឈ្មោះជាបុគ្គលដ៏ល្បីល្បាញបំផុតមួយលើពិភពលោក ហើយបើទោះជាបច្ចុប្បន្នរូបលោក លែងមានវត្តមានទៀតហើយក្ដី ប៉ុន្តែប្រវត្តិ និង រឿងរ៉ាវនៃស្តេចចម្រៀងរូបនេះ នៅតែមានមហាជនចាប់អារម្មណ៍ខ្លាំងដដែល។
ជាក់ស្ដែង ក្រៅពីរឿងរ៉ាវអាជីពជាតារាចម្រៀង ការផ្លាស់ប្ដូរនៃរូបរាង មុខមាត់របស់លោកពីមួយឆ្នាំទៅមួយឆ្នាំ ក៏ត្រូវបានគេចាប់អារម្មណ៍ដូចគ្នា។ ជាពិសេស ថ្មីៗនេះ រឿងរ៉ាវមួយចំនួនជុំវិញការផ្លាស់ប្ដូររូបរាងរបស់ Michael Jackson ត្រូវបានអង្គរក្សរបស់លោក ទម្លាយប្រាប់មហាជន ក្នុងកម្មវិធីមួយ។
លោក Matt Fiddes ដែលជាគ្រូបង្វឹកកីឡាដល់តារាល្បីៗ ដែលកាលពីមុន លោកធ្លាប់ជាអង្គរក្សរបស់តារាចម្រៀង Michael Jackson នោះ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី podcast មួយឈ្មោះថា «The Steven Sulley Study» ដោយលោក បានទម្លាយពីអាថ៌កំបាំង និង មូលហេតុពីក្រោយការវះកាត់ប្ដូរទម្រង់ច្រមុះរបស់លោក Michael Jackson។
តាមការរៀបរាប់ លោក Matt បាននិយាយថា៖ «Michael ធ្លាប់ត្រូវក្រុមគ្រួសារចំអកញឹកញាប់ជុំវិញទំហំច្រមុះរបស់គាត់ ថាគាត់មានច្រមុះធំ អាក្រក់មើលអីអ៊ីចឹងទៅ។ Michael ធ្លាប់បានប្រាប់ទៀតថា ឪពុកគាត់ ជាអ្នកនិយាយញឹកជាងគេ ថាគាត់មានច្រមុះអត់កាត់មកឪពុក កាត់ទៅខាងម្ដាយ គ្មានកាត់មកខាងគ្រួសារឪពុកសោះ ដែលពាក្យនេះធ្វើឱ្យ Michael ឈឺចិត្តជាខ្លាំង»។
យ៉ាងណាមិញ លោក Matt ថា នេះមិនមែនជាមូលហេតុចម្បងដែលធ្វើឱ្យ Michael សម្រេចចិត្តវះកាត់ច្រមុះនោះឡើយ។ លោកបានបន្តថា៖ «Michael ធ្លាប់រាំជាមធ្យមក៏ ៣ ម៉ោងដែរ។ នៅលើឆាក គាត់បង្វិលខ្លួនវិញដល់ ៥០ ជុំអីឯណោះ ដែលជាហេតុមានពេលមួយ លោកជួបគ្រោះថ្នាក់ដួល រហូតបាក់ច្រមុះ។ ឃើញឱកាសមកដល់ហើយ Michael ក៏សម្រេចចិត្តវះកាត់ឱ្យច្រមុះតូចជាងមុនតែម្ដង»៕ ទស្សនាវីដេអូនៅទីនេះ