ចាកចេញទៅជាង ១ ខែ អតិថិជន Stellar Pictures ម្នាក់ បង្ហោះសារដ៏រំជួលចិត្តមួយផ្ដាំទៅវិញ្ញាណក្ខន្ធ ឡុង លីសុង ពីក្រុមការងារថតរូប
គិតមកដល់ពេលនេះ រយៈពេលជាងមួយខែមកហើយ ដែលសោកនាដកម្មបាញ់សម្លាប់ដ៏សាហាវឃោរឃៅទៅលើម្ចាស់ក្រុមហ៊ុន Stellar Pictures ទាំងពីរនាក់គូដណ្ដឹង ដល់ក្នុងផ្ទះ ស្ថិតនៅបុរីប៉េងហួត ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ បានកើតឡើង ធ្វើឱ្យកក្រើកស្ទើរតែពេញប្រទេស ដោយមហាជននាំគ្នាសម្ដែងក្ដីអាណិតចំពោះគូស្នេហ៍ទាំងពីរជាខ្លាំង។
ដ្បិតថាពេលនេះ ថៅកែប្រុសស្រីរបស់ក្រុមហ៊ុនថតរូប Stellar Pictures បានបាត់បង់ជីវិតទៅហើយក្ដី ប៉ុន្ដែបច្ចុប្បន្នក្រុមហ៊ុនមួយនេះ នៅតែបន្តដំណើរការបម្រើសេវាកម្មថតរូបជូនអតិថិជនធម្មតា ដោយទុកឱ្យបងប្អូនស្រីរបស់កញ្ញា ឃីន កញ្ចនា ជាអ្នកមើលខុសត្រូវបន្ត ព្រោះនេះជាញើសឈាមដ៏មានតម្លៃបំផុត ដែលលោក ឡុង លីសុង និង គូដណ្ដឹងបានកសាងឡើងទាំងលំបាកកាលពីអ្នកទាំងពីរនៅមានជីវិត។
ខណៈអំពើឃាតកម្មដ៏ព្រៃផ្សៃមួយនេះ នៅតែជារឿងដ៏សោកសង្រេង និង គួរឱ្យអាណិតចំពោះជនរងគ្រោះទាំងពីរនៅឡើយ ស្រាប់តែថ្មីៗនេះ គេឃើញអតិថិជនម្នាក់របស់ Stellar Pictures ដែលបានទទួលសេវាកម្មថតរូប Pre-Wedding ពីក្រុមហ៊ុននេះ បានបង្ហោះសារមួយក្នុងអត្ថន័យឱ្យលោក ឡុង លីសុង ចាកចេញដោយស្ងប់សុខថា ៖ «ខ្ញុំនៅទីនេះជាមួយនឹងក្រុមការងាររបស់អ្នក Long LySong កុំបារម្ភណា ពួកគេប្រឹងប្រែងធ្វើការណាស់ ខ្ញុំពិតជាកោតសរសើរចំពោះក្រុមការងាររបស់អ្នកណាស់។ ក្រុមការងារល្អបំផុតមិនធ្លាប់មាន Stellar Pictures»៕