មិនលេងសើចទេ! មានករណីបុរសម្នាក់ទល់លាមក ខំប្រឹងជុះខ្លាំងពេក ធ្វើឱ្យធ្លាយសួតប៊ិះអស់ជីវិត
ថ្មីៗនេះមានការចែករំលែកមួយពីមន្ទីរពេទ្យ Yuhang ទីក្រុង Hangzhou ប្រទេសចិន ដោយមានករណីរបស់បុរសវ័យ ២៥ ឆ្នាំម្នាក់ បានមានបញ្ហាទល់លាមក ហើយខំប្រឹងជុះខ្លាំងពេកទាល់តែធ្លាយសួតប៊ិះនឹងអស់ជីវិត។
តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើនេះមានបញ្ហាទល់លាមក ហើយរូបគេបានខំប្រឹងបញ្ចេញចោលខ្លាំងណាស់រាល់ពេលបត់ជើងម្តងៗ។ រហូតដល់ថ្ងៃមួយ បុរសរូបនេះចាប់ផ្តើមមានអាការណែនទ្រូងយ៉ាងចម្លែក ហើយកាន់តែធ្ងន់ធ្ងរទៅៗ ទើបខាងគ្រួសារប្រាប់ឱ្យទៅមន្ទីរពេទ្យដើម្បីពិនិត្យ។
ក្រោយការពិនិត្យរបស់គ្រូពេទ្យបានឱ្យដឹងថា សួតរបស់បុរសរូបនេះបានបែកធ្លាយ ហើយថែមទាំងមានខ្យល់ចូលទៀត ជាពិសេសគឺសួតខាងឆ្វេងមានការរួញចូលខ្លាំង ដែលនេះបណ្តាលមកពីការប្រឹងខ្លាំងពេកនៅក្នុងពេលបត់ជើង។
បន្ទាប់ពីពិនិត្យឃើញរួច គ្រូពេទ្យបានធ្វើការព្យាបាលដោយបានព្យាយាមយកខ្យល់ចេញពីក្នុងសួត ប៉ុន្តែវាហាក់មិនបានធូរស្បើយឡើយ ទើបគ្រូពេទ្យក៏បានធ្វើការវះកាត់តូចមួយ ដែលចុងក្រោយបុរសរូបនេះក៏បានត្រឡប់មកជាសះស្បើយវិញ។
គ្រូពេទ្យបានឱ្យដឹងបន្តទៀតថា ការលើករបស់ធ្ងន់ ការសើចខ្លាំងៗ ក្អក កណ្តាស់ ឬ ធ្វើលំហាត់ប្រាណខ្លាំង គឺសុទ្ធតែអាចបណ្តាលឱ្យមានករណីខ្យល់នៅក្នុងសួតនេះ ដោយវាមានអាការឈឺទ្រូង ពិបាកដកដង្ហើម ឬ ក្អក ជាពិសេសអ្នកដែលធ្លាប់មានរបួសនៅទ្រូង ឬ ជំងឺសួតអាចមានហានិភ័យខ្ពស់ជាង៕
ប្រភព៖ Sanook