អាយុជិត ៥០ ឆ្នាំ តែតួ Rose ក្នុងរឿង «ទីតានិច» នៅតែមានស្បែករលោងស្អាតដូចក្រមុំវ័យ ២០ ប្លាយ
ក្រោយជោគជ័យលើការសម្ដែងជាតួអង្គ Rose ប្រចាំភាពយន្តដ៏ល្បី «ទីតានិច» ហើយនោះ ឃើញថាតារាសម្ដែងស្រី Kate Winslet កាន់តែមានកេរ្តិ៍ឈ្មោះល្បីសុសសាយមានវត្តមានសម្ដែងក្នុងខ្សែភាពយន្តល្បីៗនៅហូលីវូដ។ មិនត្រឹមតែទេពកោសល្យសម្ដែងប៉ុណ្ណោះទេ តារាស្រីវ័យ ៤៨ ឆ្នាំរូបនេះ ក៏ចាត់ទុកជាតារាស្រីសាច់ចាំមួយរូប រូបសម្រស់នៅតែខ្ញង់ស្អាតបើទោះជាវ័យជ្រេបន្តិចក៏ពិតមែន។
អំឡុងពេលសម្ដែងជាតួអង្គ Rose នរណាមិនសរសើរពីរូបសម្រស់របស់តារាស្រី Kate ដោយពេលនោះនាងពិតជាស្រស់ស្អាតខ្លាំង សាច់សខ្ចីដូចបណ្ដូលចេក មុខមាត់មានមន្តស្នេហ៍ទាក់ទាញខ្លាំង។ យ៉ាងណាមិញរំលងអស់ ២៧ ឆ្នាំ រូបសម្រស់របស់ Kate នៅតែខ្ញង់ទាក់ទាញដូចដើម ជាពិសេសស្បែករបស់នាងនៅតែទន់រលោង មិនសូវមានស្នាមជ្រីវជ្រួញនោះឡើយ។
ដើម្បីបានរូបរាង និង សាច់ឈាមនៅស្រស់ថ្លាបែបនេះ Kate Winslet បានទម្លាយតិចនិចងាយៗមួយចំនួនដែលនាងតែងធ្វើជាប្រចាំផងដែរ។ Kate បានទម្លាយទម្លាប់របស់នាងថា នាងតែងងើបពីគេងនៅម៉ោង ៦ កន្លះព្រឹក ញ៉ាំផ្លែឈើច្រើន ផឹកតែបៃតង ដើរហាត់ប្រាណ ដើម្បីឱ្យនាងទទួលបានសុខភាពមាំទាំល្អ។ ចំពោះការថែទាំស្បែកវិញ Kate បានទម្លាយ ៣ តិចនិចងាយៗដែលនាងតែងតែធ្វើជាប្រចាំមិនដែលខកខានសោះ។
១. លុបមុខជាមួយទឹកត្រជាក់រាល់ព្រឹក
ថ្លែងប្រាប់ទស្សនាវដ្តីថែរក្សាសម្រស់មួយ Kate បាននិយាយថា នាងមានទម្លាប់លុបមុខជាមួយទឹកត្រជាក់រាល់ព្រឹក។ ធ្វើបែបនេះមិនមែនគ្រាន់តែជួយឱ្យនាងស្រឡះមុខមាត់ប៉ុណ្ណោះទេ តែក៏ផ្ដល់អត្តប្រយោជន៍ល្អច្រើនដល់ស្បែករបស់នាងផងដែរ ដូចជាបញ្ចៀសកុំឱ្យឆាប់ចាស់ កុំឱ្យស្បែកជ្រីវជ្រួញរយីករយាកជាដើម។
២. លាងសម្អាតមុខជានិច្ចទោះជាមិនមានការផាត់មុខក៏ដោយ
សម្រាប់ Kate ស្បែកដែលស្រស់ស្អាតត្រូវតែលាងសម្អាតឱ្យបានជ្រះល្អជាប្រចាំ។ រាល់ពេលមុនចូលគេង នាងតែងតែលាងសម្អាតផ្ទៃមុខជានិច្ចទោះបីមិនមានផាត់មុខមាត់ក៏ដោយ ព្រោះថាស្បែកមនុស្សយើងឱ្យតែដើរចេញក្រៅ យ៉ាងម៉េចក៏មានជាប់ជាមួយធូលីដីដែរ។
៣. កុំញ៉ាំអាហារប្រៃមុនចូលគេង
Kate គឺគិតគូរបំផុតលើអាហារដែលនាងញ៉ាំ ហើយសម្រាប់ជម្រើសល្អចំពោះសុខភាពរបស់នាងនោះ គឺនាងមិនញ៉ាំអាហារប្រៃមុនពេលចូលគេងនោះឡើយ។ Kate បានរៀបរាប់ថា៖ «ខ្ញុំព្យាយាមនៅឱ្យឆ្ងាយពីអាហារប្រៃមុនចូលគេង ដោយជំនួសវិញនឹងពពួកគ្រឿងបន្លែបៃតងក្រឡុក។ គ្រប់គ្នាបានដឹងហើយថា ការកាត់បន្ថយរបស់ប្រៃអាចជួយឱ្យស្បែករបស់យើងមានសុខភាពល្អបាន វាអាចនឹងមិនសម្រាប់មនុស្សគ្រប់គ្នា តែសម្រាប់ករណីខ្ញុំគឺអ៊ីចឹងមែន»៕
ប្រភព៖ Kenh14