បាត់យូរហើយ? Li Ziqi អ្នកផលិតមាតិកាធ្វើម្ហូបចិនដ៏ល្បី លេចមុខម្តងទៀត ក្រោយបាត់ពីបណ្ដាញសង្គម ៣ ឆ្នាំ
បើនិយាយពីនាង Li Zipi មហាជនភាគច្រើនគឺប្រាកដណាស់ជាស្គាល់ថាជា កំពូលតារាល្បីលើបណ្ដាញសង្គម Youtube ម្នាក់ដែលតែងតែធ្វើវីដេអូបង្ហាញពីជីវិតរស់នៅបែបធម្មជាតិ ស្រុកស្រែចម្ការ និង ការធ្វើម្ហូបរបស់ប្រទេសចិន ទាក់ទាញភ្នែកមហាជនអ្នកទស្សនាឱ្យតាមដានវីដេអូនាង រហូតទទួលបានការគាំទ្ររហូតជាង ១៦ លាននាក់លើ Channel របស់នាងនោះ។
យ៉ាងណាមិញ ខណៈទទួលបានភាពជោគជ័យ និង ទ្រព្យសម្បត្តិរបស់នាងចេះតែបន្តកើនឡើង បញ្ហាទំនាស់ផ្នែកហិរញ្ញវត្ថុក៏អាចនឹងកើតមានឡើងរវាងនាង និង ក្រុមហ៊ុន ដែលនេះគឺអាចជាមូលហេតុធ្វើឱ្យនាង លែងឃើញបន្តផលិតវីដេអូទៀតរហូតមកទល់បច្ចុប្បន្ន។
ដោយឡែក កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ សារព័ត៌មានចិនមួយឈ្មោះ Hongxing News បានទម្លាយថា ឃ្លា «Li Ziqi បង្ហាញខ្លួនវិញហើយ» កំពុងក្លាយជាប្រធានបទកំពុង trending ខ្លាំងលើបណ្ដាញសង្គមក្នុងប្រទេសចិន ដោយ Youtuber ល្បីរូបនេះបានបង្ហាញខ្លួនជាថ្មី ក្រោយពីបាត់មុខឈឹងពីលើបណ្ដាញសង្គមអស់រយៈពេល ៣ ឆ្នាំមកនេះ។
តាមព័ត៌មានបានឱ្យដឹងថា Youtuber ស្រីវ័យ ៣៤ ឆ្នាំរូបនេះ បានបង្ហាញមុខថតវីដេអូខ្លីមួយដើម្បីផ្សព្វផ្សាយពីការការពារសត្វខ្លាឃ្មុំផេនដា ដែលការបង្ហាញខ្លួនជាថ្មីរបស់នាងលើកនេះបានធ្វើឱ្យមហាជនចិនជាច្រើនសម្ដែងក្ដីនឹករឭកចង់ឱ្យនាងវិលត្រឡប់មកផលិតវីដេអូដូចកាលពីមុនវិញ។ យ៉ាងណាមិញ បើតាមជំនួយការរបស់ Li Ziqi បានបញ្ជាក់ដែរថាខាងក្រុមការងារគឺមិនអាចបញ្ជាក់បានឡើយថាពេលណានាងនឹងវិលត្រឡប់មកថតវីដេអូដូចមុនវិញនោះ។
គួរឱ្យដឹងថា បើតាមសារព័ត៌មាន Sichuan News ចេញផ្សាយនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ នេះ នាង Li Ziqi បច្ចុប្បន្នជាអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន Sichuan Cultural Media Company ដោយកាន់កាប់ភាគហ៊ុន ៩៩%។ ក្នុងឆ្នាំនេះ Ziqi ជោគជ័យលើការចុះបញ្ជីម៉ាកផលិតផលជាច្រើនក្រោមឈ្មោះរបស់នាងដែលដំណើរការលើផលិតផលច្រើនប្រភេទដូចជាផ្នែកចំណីអាហារ ស្រាបៀរ និង សម្លៀកបំពាក់៕
ប្រភព៖ VN Express