ដល់-ក! ការចប់បានតែ ៣ នាទី កូនក្រមុំប្ដឹងសុំលែងប្ដីវិញ ព្រោះប្តីដើរជាន់រ៉ូប ហើយមិនជួយលើកពេលប្រពន្ធដួល
ទីប្រឹក្សាផ្នែកជីវិតអាពាហ៍ពិពាហ៍ម្នាក់ឈ្មោះ Vivi នាពេលថ្មីៗនេះបានចែករំលែកក្នុងកម្មវិធីមួយថា មានគូស្នេហ៍មួយគូនៅប្រទេសគុយវ៉ែត បានសម្រេចចិត្តលែងគ្នាភ្លាមៗ ក្រោយពីពិធីមង្គលការបានចប់សព្វគ្រប់ត្រឹមតែរយៈពេល ៣ នាទី។
យោងតាមពិធីការិនី និង ជាទីប្រឹក្សាផ្នែកអាពាហ៍ពិពាហ៍ Vivi កាលពីពេលថ្មីៗនេះបានបង្ហាញក្នុងកម្មវិធី «News Dig Wow» ថា មានគូស្នេហ៍មួយគូនៅប្រទេសគុយវ៉ែត ដែលទើបរៀបចំពិធីមង្គលការចប់បាន ៣ នាទី ស្រាប់តែបានដាក់ពាក្យលែងលះគ្នាភ្លាមៗ។
ជាមួយគ្នានេះដែរ កូនក្រមុំបានប្រាប់ឱ្យដឹងថា មូលហេតុនៃការលែងលះនេះបានកើតឡើងដោយសារពេលចប់កម្មវិធីមង្គលរបស់អ្នកទាំងពីរ នាង និង កូនកំលោះបានទៅតុលា ដើម្បីចុះសំបុត្រអាពាហ៍ពិពាហ៍ ប៉ុន្តែពេលចេញមកវិញក៏បានដើរជាន់លើស្បៃរ៉ូបខ្លួនឯងដោយចៃដន្យ រួចក៏បានដួលទៅលើដី។ នៅពេលនោះ នាងបានសង្ឃឹមថា កូនកំលោះនឹងជួយលើកនាងឡើង ប៉ុន្តែផ្ទុយស្រឡះ កូនកំលោះមិនត្រឹមតែមិនជួយទេ ថែមបានឈរទាំងសើច ហើយនិយាយថានាងល្ងង់ទៀតផង ទើបធ្វើឱ្យនាងខឹងសម្បាយ៉ាងខ្លាំង រហូតនាងចូលទៅក្នុងតុលាវិញ ដើម្បីសុំចៅក្រមដាក់ពាក្យលែងលះវិញភ្លាមៗ។
ទន្ទឹមនឹងនេះ អ្នកជំនាញផ្នែកភ្នែក Huang Youjia ដែលជាភ្ញៀវកិត្តិយសក្នុងពិធីមង្គលការនោះបាននិយាយដែរថា ៖ «នេះជាអាពាហ៍ពិពាហ៍ ដែលជាប់កំណត់ត្រាជាអាពាហ៍ពិពាហ៍ខ្លីបំផុត នៅក្នុងប្រទេសនេះ ព្រោះវាមានរយៈពេលត្រឹមតែ ៣ នាទីប៉ុណ្ណោះ» ហើយលោកបានបន្តទៀតថា ៖ «ខ្ញុំកោតសរសើរ ចំពោះភាពក្លាហានរបស់កូនក្រមុំណាស់ ព្រោះខ្ញុំមិនមានភាពក្លាហានធ្វើបែបនេះទេ!»
មិនតែប៉ុណ្ណោះ លោក Huang Youjia បានបន្ថែមទៀតថា ៖ «នៅពេលរៀបការកូនក្រមុំហាក់ស្គមជាងរាល់ដង នេះប្រហែលជាមកពីនាងបានស្រកទម្ងន់យ៉ាងលឿនមុនថ្ងៃរៀបការ ដែលធ្វើឱ្យរ៉ូបនោះមើលទៅរលុងបន្តិច។ ក្នុងថ្ងៃរៀបការនោះកូនកំលោះរំភើបណាស់ ហើយរវល់តែនិយាយជាមួយភ្ញៀវ រហូតដល់ពេលខ្លះគេបានដើរជាន់រ៉ូបកូនក្រមុំស្ទើតែរបូត ប៉ុន្តែគេមិនបានសុំទោសអ្វីដល់កូនក្រមុំទេ ដែលនេះក៏អាចជាមូលហេតុដទៃទៀតធ្វើឱ្យមង្គលការអ្នកទាំងពីរឈានដល់ទីបញ្ចប់ត្រឹមតែ ៣ នាទីក្រោយចុះសំបុត្រអាពាហ៍រួច»។
បន្ថែមពីនេះទៀត លោក Huang Youjia បានបញ្ជាក់ដែរថា ៖ «សកម្មភាពតូចតាច ឬ តិចតួចខ្លះ គឺសំខាន់ណាស់ ព្រោះវាកត្តាមួយធ្វើឱ្យមនុស្សផ្លាស់ប្ដូរចិត្ត»៕