បុរសខ្លាំង គីម ជុងអ៊ុន កាត់ទោសប្រហ-ា/រជីវិតមន្ត្រី ៣០ នាក់ ក្រោយមិនអាចទប់ស្កាត់ទឹកជំនន់ក្នុងប្រទេសបាន
លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង ត្រូវបានឱ្យដឹងថាបានបញ្ជាឱ្យប្រហារជីវិតមន្ត្រីរដ្ឋាភិបាលចំនួន ៣០ នាក់ ដោយសារតែពួកគេបរាជ័យមិនអាចទប់ស្កាត់គ្រោះទឹកជំនន់ដ៏ខ្លាំងក្លាក្នុងប្រទេសដែលបានសម្លាប់ជីវិតពលរដ្ឋអស់រាប់ពាន់នាក់ នេះបើតាមការចេញផ្សាយពីភ្នាក់ងារសារព័ត៌មានក្នុងប្រទេសកូរ៉េខាងត្បូង។
តាមការចេញផ្សាយដោយទូរទស្សន៍ Chosun បានឱ្យដឹងថា អ្នកដែលទទួលខុសត្រូវលើការបាត់បង់ជីវិតយ៉ាងខ្លាំងក្លានេះនឹងត្រូវទទួលការពិន័យដ៏តឹងរឹងដូចគ្នា។ តាមរបាយការណ៍បានបញ្ជាក់ថា មន្ត្រីពី ២០ ទៅ ៣០ នាក់ពីតំបន់ដែលប៉ះពាល់ដោយទឹកជំនន់ត្រូវបានប្រហារជីវិតក្នុងពេលដំណាលគ្នាដូចទៅនឹងចុងខែមុន។
របាយការណ៍អះអាងខាងលើនេះដែរនៅតែមិនទាន់បានបញ្ជាក់ថាច្បាស់លាស់ ១០០% នៅឡើយទេដោយសារតែការសម្ងាត់ដ៏តឹងរឹងរបស់កូរ៉េខាងជើង។ យ៉ាងណាមិញ បើតាមភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងជើង KCNA បានបញ្ជាក់ច្បាស់ថា លោក គីម ជុងអ៊ុន បានដាក់បញ្ជាទៅកាន់អាជ្ញាធរឱ្យដាក់ពិន័យតឹងរឹងបំផុតលើមន្ត្រីដែលពាក់ព័ន្ធគ្រោះទឹកជំនន់ដ៏សាហាវកាលពីខែកក្កដា នៅតំបន់ជិតព្រំដែនប្រទេសចិននោះ។
គួររំឭកថា គ្រោះមហន្តរាយទឹកជំនន់នៅខេត្តភាគពាយ័ព្យប្រទេសកាលពីខែកក្កដាកន្លងទៅ បានបណ្ដាលឱ្យពលរដ្ឋរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង និង បណ្ដាលឱ្យមនុស្សរបួសស្លាប់ច្រើនសន្ធឹកទៀតផង។ បើតាមសារព័ត៌មានកូរ៉េខាងត្បូងបានលើកឡើងថា ចំនួនអ្នកស្លាប់អាចដល់ ១ ពាន់នាក់។ សារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍ដែរថា ភ្ញៀវធ្លាក់ខ្លាំងកាលពីខែកក្កដានោះបានជន់លិចផ្ទះពលរដ្ឋ ៤១០០ ខ្នង ដីស្រែ ៧៤១០ ហិកតា និង អគារសាធារណៈ ផ្លូវដែកផ្លូវថ្នល់នៅក្រុង Sinuiju និង ក្រុង Uiju ក្បែរគ្នានោះផងដែរ៕
ប្រភព៖ The Thaiger