ឧកញ៉ា ខេមរៈ សិរីមន្ត ឆ្លើយតបយ៉ាងចិត្តត្រជាក់ ពេលមានអ្នកខំមិនថា «ហ្វេនប្ដូរពីស្រឡាញ់មកស្អប់»
ពេលនិយាយដល់អ្នកសិល្បៈមានងារជាឧកញ៉ា ពិតណាស់មហាជនប្រាកដជានឹកដល់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មិនខាន ដោយព្រះមហាក្សត្រ ព្រះរាជណាចក្រកម្ពុជា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរពងារជាឧកញ៉ា នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយកំពូលតារាចម្រៀងដ៏ល្បីល្បាញរូបនេះ ក៏ជាសិល្បករដំបូងដែលមានគោរពងារជាឧកញ៉ា ដែរ។
ដ្បិតថា ឧកញ៉ា ខេមរៈ សិរីមន្ត ទទួលបានគោរពងារជាឧកញ៉ាមែន ប៉ុន្ដែឧកញ៉ា នៅតែបន្តដើរលើវិថីសិល្បៈដដែល ដោយបច្ចុប្បន្នឧកញ៉ាជាតារាចម្រៀងប្រចាំផលិតកម្មកាឡាក់ស៊ី ណាវ៉ាត្រា។ ទន្ទឹមនឹងនោះ ឧកញ៉ា ក៏ជាអ្នកជំនួញផ្នែកអចលនទ្រព្យដ៏ធំមួយរូប ហើយឧកញ៉ា និង ភរិយាក៏មានជំនួញក្នុងដៃផ្សេងៗទៀតជាច្រើន។
ទោះបីជាមិនញឹកញាប់ ប៉ុន្ដែជារឿយៗ ឧកញ៉ា ខេមរៈ សិរីមន្ត តែងចេញបទចម្រៀងថ្មីៗ បង្ហាញវត្តមានច្រៀងនៅលើឆាកប្រគំតន្រ្តីធំៗ និង កម្មវិធីផ្សេងៗជាច្រើន ដែលសកម្មភាពទាំងនេះបានបញ្ជាក់ថា ឧកញ៉ា នៅតែបន្តដើរលើវិថីសិល្បៈដដែល ទោះមានជំនួញជាច្រើនត្រូវមើលថែក៏ដោយ។ ដោយឡែកស្រាប់តែថ្មីៗនេះ ឧកញ៉ា ខេមរៈ សិរីមន្ត ទទួលបានការខំមិនមួយពីអ្នកលេងហ្វេសប៊ុកថា ៖ «បងអើយ ឥលូវហ្វេនៗបងពីមុនដែលធ្លាប់ស្រលាញ់ និង ចូលចិត្តបង ពួកគាត់ស្អប់បងខ្លាំងណាស់សឹងទាំងអស់»។
គ្រាន់តែឃើញការបញ្ចេញយោបល់នេះភ្លាម ឧកញ៉ា ខេមរៈ សិរីមន្ត បានឆ្លើយតបទៅវិញទាំងចិត្តត្រជាក់បំផុតថា ៖ «បងមិនដែលសម្លាប់អ្នកណា, មិនដែលលួចរបស់អ្នកណា, មិនដែលរំលោភសិទ្ធិអ្នកណា, មិនដែលបោកប្រាសអ្នកណា, មិនដែលជេរប្រមាថអ្នកណា, បងធ្វើតែការងាររបស់បង ធ្វើតែរឿងល្អៗ ធ្វើតែកិច្ចការមនុស្សធម៌ ដែលជាសិទ្ធិរដ្ឋធម្មនុញ្ញបានចែង និង ផ្ដល់ឱ្យបងតែប៉ុណ្ណោះ តាំងពីដើមនឹងបន្តដល់ដង្ហើមចុងក្រោយ សល់ហ្វេនប៉ុន្មានបងយកប៉ុណ្ណឹងដោយក្តីស្រលាញ់ លើលោកគ្មានបុគ្គលណាអាចធ្វើត្រូវចិត្តមនុស្សគ្រប់បានទេ តែកុំធ្វើខុសច្បាប់ទៅគឺល្អណាស់ហើយប្អូនសម្លាញ់»៕