សារព័ត៌មានវៀតណាម មួយបានចុះផ្សាយកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅថា គណៈកម្មាធិការដឹកនាំជាតិវៀតណាម សម្រាប់ការបង្ការ និង ត្រួតពិនិត្យការឆ្លងជំងឺកូវីដ ១៩ បានប្រកាសថា ប្រទេសនេះមានសិទ្ធិក្នុងការទម្លាក់ចំណាត់ថ្នាក់នៃជំងឺកូវីដ ១៩ ទៅជាប្រភេទជំងឺ ដែលមិនសូវគ្រោះថ្នាក់ និង មានគម្រោងឆ្ពោះទៅរកការបញ្ចប់ជំងឺរាតត្បាតកូវីដ ១៩ ក្នុងប្រទេស។
នាយករដ្ឋមន្រ្តី Pham Minh Chinh បាននិយាយនៅក្នុងកិច្ចប្រជុំលើកទី ២០ កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៣ កន្លងទៅថា ជំងឺកូវីដ ១៩ អាចដាក់ជាជំងឺឆ្លងក្រុម B បានហើយ ព្រោះក្រុម A គឺសម្ដៅតែលើជំងឺមានគ្រោះថ្នាក់ខ្លាំង ព្រមទាំងមានការឆ្លងខ្ពស់ជាមួយនឹងអត្រាមរណភាពខ្ពស់ ឬភ្នាក់ងារបង្កជំងឺ ដែលមិនស្គាល់តែប៉ុណ្ណោះ នេះបើយោងតាមច្បាប់របស់ប្រទេសវៀតណាម ស្តីពីការការពារ និង ត្រួតពិនិត្យជំងឺឆ្លង។
ជាមួយគ្នានេះដែរ សេចក្តីជូនដំណឹងស្តីពីការទម្លាក់ចំណាត់ថ្នាក់ និង បញ្ចប់ជំងឺកូវីដ-១៩ នឹងធ្វើឡើងដោយក្រសួងហើយក្នុងអំឡុងពេលនេះ ប្រមុខរដ្ឋាភិបាលក៏បានបញ្ជាឱ្យក្រសួង និង ស្ថាប័នពាក់ព័ន្ធត្រូវបញ្ចប់នីតិវិធីច្បាប់ជាបន្ទាន់ ដើម្បីប្រកាសបញ្ចប់ជំងឺកូវីដ ១៩ ក្នុងប្រទេស។
មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ៖ «នេះជាលើកដំបូង ដែលវៀតណាម បានប្រយុទ្ធប្រឆាំងនឹងជំងឺក្រុម A ទូទាំងប្រទេស ដោយប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា កង្វះឧបករណ៍ពេទ្យ និង កម្លាំងពលកម្មមានកម្រិត»។ ហើយប្រទេសនេះក៏បានអនុវត្តគោលដៅពីរក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ ព្រមទាំងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច រួមទាំងការបើកព្រំដែនអន្តរជាតិឡើងវិញ។
គួរបញ្ជាក់ដែរថា ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនៅដើមឆ្នាំ ២០២០ មកចំនួនអ្នកស្លាប់ដោយសារកូវីដ ១៩ ក្នុងប្រទេសវៀតណាម បានកើនឡើងដល់ប្រហែល ៤២០០០ នាក់៕
ប្រភព ៖ Tuoi Tre News