ដាំហូបមួយអាយ៉ូយហើយ! ក្រុមហ៊ុនឆ្នាំងដាំបាយអគ្គិសនីល្បីៗប្រាប់ថា ការលាងអង្ករក្នុងឆ្នាំងមិនមែនវិធីល្អទេ
ជាធម្មតាក្នុងការដាំបាយ យើងតែងតែលាងអង្ករនៅក្នុងឆ្នាំងជានិច្ច មិនថាជាឆ្នាំងធម្មតា ឬឆ្នាំងបាយអគ្គិសនីនោះទេ ប៉ុន្តែថ្មីៗនេះមានក្រុមហ៊ុនផលិតឆ្នាំងដាំបាយអគ្គិសនីល្បីៗទាំង ៧ បានចេញមុខមកទម្លាយឱ្យដឹងហើយថា តើការលាងអង្ករនៅក្នុងឆ្នាំងវាល្អ ឬយ៉ាងណា?
ក្នុងនោះ ខាងកម្មវិធីទូរទស្សន៍ល្បីមួយឈ្មោះ Hodori Shinichi Morning Show បានទៅសម្ភាសក្រុមហ៊ុនផលិតឆ្នាំងបាយអគ្គិសនីរួមមាន Zojirushi, Tiger, Hitachi, Mitsubishi Electric, SHARP, Panasonic និង BALMUDA ទាក់ទងនឹងបញ្ហានេះ ដោយក្រុមហ៊ុន Zojirushi, Tiger, Hitachi, Mitsubishi Electric, SHARP, Panasonic បានឱ្យដឹងដូចគ្នាថា បើសិនជាយើងប្រើប្រាស់ឆ្នាំងដាំបាយអគ្គិសនីដែលមានគុណភាពខ្ពស់ នោះការលាងអង្ករនៅក្នុងឆ្នាំងមិនជាបញ្ហាឡើយ តែបើសិនជាយើងប្រើប្រាស់ឆ្នាំងដាំបាយអគ្គិសនីដែលមានគុណភាទាប នោះការលាងអង្ករនៅក្នុងឆ្នាំងអាចធ្វើឱ្យផ្នែកខាងក្នុងរបស់ឆ្នាំងងាយនឹងរបកចេញបាន នោះវានឹងធ្វើឱ្យមិនសូវល្អមើល មានក្លិន និង អាចបង្កឱ្យប៉ះពាល់ដល់សុខភាពបាន។
ដោយឡែកខាងក្រុមហ៊ុន BALMUDA ក៏បានយល់ឃើញដូចក្រុមហ៊ុនខាងលើដែរ តែគ្រាន់តែឆ្លៀតបន្ថែមឱ្យដឹងថា បើសិនជាចង់រក្សាប្រើប្រាស់ឆ្នាំងដាំបាយអគ្គិសនីឱ្យបានយូរ គួរតែលាងអង្ករនៅក្រៅរួចចាំដាក់ដាំតែម្តង ទើបជាការល្អ។ សរុបមក បើសិនជាប្រើឆ្នាំងល្អ យើងអាចលាងអង្ករនៅក្នុងនោះបាន តែបើសិនជាចង់រក្សាឆ្នាំងឱ្យបានយូរគួរតែលាងអង្ករនៅខាងក្រៅ៕
ប្រភព៖ Sanook