បងប្អូនត្រកូល «ម៉ម» គឺ ពេជ្ជរិទ្ធ និង ដួង វីរៈសិទ្ធ ត្រូវមហាជនដាក់ងារជាតារាចម្រៀងស្រគត់ស្រគំ និង កំពូលសុភាពបុរស
មហាជនអ្នកគាំទ្រតារាចម្រៀងជាបងប្អូន ២ រូប គឺលោក ម៉ម ពេជ្ជរិទ្ធ និង លោក ដួង វីរៈសិទ្ធ ដែលមានឈ្មោះដើម ម៉ម ដួងសិទ្ធ ប្រាកដជាបានដឹងមកហើយពីសមត្ថភាពនៅក្នុងវិថីសិល្បៈរបស់តារាប្រុសសំឡេងផ្អែមទាំង ២ រូបនេះ ដោយមិនត្រឹមតែមានទេពកោសល្យក្នុងការច្រៀងតែម្យ៉ាងនោះទេ តែក៏មានទេពកោសល្យក្នុងការនិពន្ធទំនុកច្រៀង ទំនុកភ្លេង និង លេងឧបករណ៍តន្ត្រីសម័យ និង បុរាណទៀតផង ។
រយៈពេលជាច្រើនឆ្នាំក្នុងឧស្សាហកម្មតន្ត្រី តារាចម្រៀងប្រុសជាបងប្អូនទាំង ២ រូបខាលើ គឺលោក ម៉ម ពេជ្ជរិទ្ធ និង លោក ដួង វីរៈសិទ្ធ ក៏បានបង្ហាញសមត្ថភាពស្ទើរគ្រប់ទម្រង់ក្នុងការបកស្រាយចម្រៀង ដោយមានទាំងបែបមនោសញ្ចេតនា និង បែបប្រពៃណី ជាដើម តែយ៉ាងណាតារាចម្រៀងប្រុសជាបងប្អូនត្រកូល «ម៉ម» ទាំងគូនេះ មិនសូវជាមានបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ច្រើនឡើយ។
ជាការពិត ព្រោះតែសំឡេងពីរោះស្រទន់សមនឹងទម្រង់មុខបែបសុភាពៗដូចគ្នា លោក ម៉ម ពេជ្ជរិទ្ធ និង លោក ដួង វីរៈសិទ្ធ ក៏ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនបានដាក់ងារតារាចម្រៀងទាំង ២ នេះ ជាតារាចម្រៀងប្រុសវ័យក្មេងដែលស្រគត់ស្រគំខ្លាំង ពោលគឺមិនថាតែការច្រៀងនោះទេ សូម្បីតែការតុបតែងខ្លួនរបស់លោក ម៉ម ពេជ្ជរិទ្ធ និង លោក ដួង វីរៈសិទ្ធ ក៏មើលទៅសមសួនស្រស់សង្ហាស័ក្តិសមជាសុភាពបុរសដែរ៕