ជាថ្មី! វណ្ណដា ត្រូវកាសែតល្បីថៃចុះផ្សាយពីការផលិតចម្រៀងច្របាច់បញ្ជូលគ្នារវាងភ្លេងបុរាណខ្មែរ និង សម័យ ក្លាយជា Hip Hop ស្ដាប់ហើយជក់ចិត្ត
ជាការពិតណាស់ មហាជននិយមតាមដានវិស័យចម្រៀងរ៉េប ច្បាស់ជាបានជាដឹងមកហើយពីវិសាលភាពនៃភាពល្បីល្បាញរបស់តារាចម្រៀងរ៉េប វណ្ណដា ដែលមិនត្រឹមតែមានកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសកម្ពុជានោះទេ តែលោកបានក្តោបបានប្រជាប្រិយពីអ្នកគាំទ្រក្រៅប្រទេសជាច្រើន។
កន្លងមក អ្នកគាំទ្រច្បាស់ជាបានជ្រាបហើយថា តារាចម្រៀងរ៉េប វណ្ណដា បានក្លាយទៅជាតារាចម្រៀងរ៉េបវ័យក្មេងបំផុតរបស់កម្ពុជា ដែលបានពាំនាំនូវវិស័យចម្រៀងរ៉េប និង វប្បធម៌បុរាណខ្មែរបង្ហាញពិភពលោកតាមរយៈបទចម្រៀងរបស់លោក។
លើសពីនោះ វណ្ណដា បានបង្ហាញវត្តមានក្នុងការសម្តែងលើឆាកលំដាប់អន្តរជាតិ និង លំដាប់ពិភពលោក។ ម្យ៉ាងវិញទៀត ក្រឡេកទៅមើលកេរ្តិ៍ឈ្មោះរបស់ វណ្ណដា ក៏ធ្លាប់បានបង្ហាញនៅគ្របមុខកាសែតបរទេសជាច្រើនរួមមានទាំងក្នុងអាស៊ី និង តំបន់អ៉ឺរ៉ុបទៀតផង។
ដោយឡែក ថ្មីៗនេះ កាសែត Bangkok Post របស់ប្រទេសថៃ បានចុះផ្សាយពីតារាចម្រៀងរ៉េបវណ្ណដា ដែលបានដាក់ចំណងជើងថា «Mann Vannda Cambodia’s rap icon» ដែលមានន័យថា «ម៉ាន់ វណ្ណដា ជាតារារ៉េបតំណាងកម្ពុជា» ដោយបានបង្ហាញពីស្នាដៃចម្រៀងរបស់លោកជាច្រើន។
ជាពិសេសនោះ កាសែតរបស់ប្រទេសថៃខាងលើ បានលើកឡើងពីការច្នៃបញ្ជូលគ្នារវាងឧបករណ៍ភ្លេង បុរាណខ្មែរជាមួយនឹងភ្លេងសម័យថ្មី ក្នុងការបង្កើតបានជាតន្ត្រី Hip Hop ដែលបានទាក់ទាញចិត្ត និង ចំណាប់អារម្មណ៍របស់អ្នកស្តាប់ជុំវិញពិភពលោកឱ្យទទួលបានបទពិសោធថ្មី នៃការស្តាប់បទចម្រៀងរបស់ វណ្ណដា ទៀតផង៕