ក្ដៅៗ! កម្ពុជា ទទួលឥទ្ធិពលព្យុះទី ១៥ ឈ្មោះ «ស៊ូលីក» បណ្ដាលឱ្យតំបន់ទាំង ៣ មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន និង ខ្យល់បក់ខ្លាំងដល់ថ្ងៃ ២៣
នៅរសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែម ស្តីអំពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ ឱ្យបានដឹងថា នៅថ្ងៃនេះ ប្រព័ន្ធវិសម្ពាធទាបដែលស្ថិតនៅសមុទ្រចិនខាងត្បូង ដែលបានជូនដំណឹងកាលពីម្សិលមិញ បានវិវត្តទៅជាព្យុះទី ១៥ (Tropical Storm) ឈ្មោះ ស៊ូលីក (Soulik) ដោយមានល្បឿនខ្យល់ អតិបរមា ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្បែរផ្ចិតនៃព្យុះដែលកំពុងស្ថិតនៅកៀកប្រទេសវៀតណាមកណ្តាល ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់ភាគកណ្តាលនៃអាងទន្លេមេគង្គ។
ព្យុះនេះផងដែរ ធ្វើឱ្យខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំងលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ ដែលបណ្តាលឱ្យផ្ទៃមេឃមានពពកច្រើន ភ្លៀងធ្លាក់ពីមធ្យមទៅច្រើន គ្របដណ្តប់ស្ទើរទូទាំងប្រទេស ហើយខ្យល់បក់ខ្លាំងនៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប និង តំបន់ភ្នំ។
តាមរយៈការជូនដំណឹងយោងតាមសា្ថនភាពអាកាសធាតុបែបនេះ ក្រសួងធនធានទឹក និង ឧតុនិយម ជូនដំណឹងដល់សាធារណជន ប្រជានេសាទ និង អាជ្ញាធរដែនដី យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស ដែលមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ ដែលអាចបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និង រលកសមុទ្រខ្ពស់ៗ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖