ក្ដៅៗ! ជនត្រូវចោទ ២ រូបនៅតាកែវ ពាក់ព័ន្ធករណីចាក់ថ្នាំខុសបណ្ដាលឱ្យអ្នកជំងឺស្ល-ា./ប់ ត្រូវចោទប្រកាន់ ៤ បទល្មើសធំៗ
នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ សាលាដំបូងខេត្តតាកែវ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទ ២ រូប ពាក់ព័ន្ធករណីចាក់ថ្នាំខុស បណ្តាលឱ្យស្លាប់អ្នកជំងឺ នៅស្រុកបាទី ខេត្តតាកែវ។
អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ បានឱ្យដឹងថា បន្ទាប់ពី បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១៤០៧ និង បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និង ពិនិត្យភស្តុតាងនានានៅក្នុងសំណុំរឿងរួចមក ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន ២ រូប គឺទី ១ ឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ បម្រើការងារនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ត្រូវចោទប្រកាន់ពីបទ មនុស្សឃាតដោយចេតនា ប្រព្រឹត្តទៅនៅចំណុច ភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងបទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយ គ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ប្រព្រឹត្តទៅនៅចំណុច ភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលអំឡុងឆ្នាំ២០២៤ និង បទ លាក់បំបាំងសាកសព ប្រព្រឹត្តទៅនៅចំណុច ភូមិម្រះជ្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងបទ ទារុណកម្ម និង អំពើឃោរឃៅមានស្ថាន ទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តទៅនៅចំណុច ភូមិម្រះពៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងនោះ ចំពោះជនត្រូវចោទទី ២ ឈ្មោះ ហៀង សុងហាក់ ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ ត្រូវចោទប្រកាន់ពីបទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ប្រព្រឹត្តទៅនៅចំណុច ភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលអំឡុងឆ្នាំ ២០២៤ និង បទ សមគំនិតក្នុងអំពើលាក់បំបាំងសាកសព និង បទសមគំនិតក្នុងអំពើទារុណកម្ម និង អំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តទៅនៅចំណុច ភូមិម្រះជ្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖