មាសប៉ុនដូងទុំមិនដូរ! អ្នកស្រី អ៊ឹម សុគន្ធា មានស្វាមីល្អនៅក្បែរ ទោះជួបបញ្ហាក៏មិនបន្ទោស មានតែផ្ដល់កម្លាំងចិត្តជួយដោះស្រាយ
ដូចមហាជននិយមតាមដានវិស័យបវរកញ្ញាច្បាស់ជាបានជ្រាបរួចមកហើយ ពីរឿងរ៉ាវចម្រូងចម្រាស់រវាងស្ថាប័ន MGI និង ស្ថាប័ន Miss Grand Cambodia ដែលមានអ្នកស្រី អ៊ឹម សុគន្ធា ជា National Director។ តែយ៉ាងណាក៏ដោយ រឿងរ៉ាវនេះ ក៏ហាក់ស្ងប់ស្ងាត់ទៅវិញហើយដែរ ដោយភាគីទាំងសងខាងបានរក្សាភាពស្ងប់ស្ងាត់បញ្ចប់រឿង ដើម្បីកុំឱ្យរឿងរ៉ាវកាន់តែអូសបន្លាយវែងឆ្ងាយ។
ដោយឡែក ក្រឡេកទៅមើលកម្លាំងចិត្តពីក្រោយនៃរឿងរបស់អ្នកស្រី អ៊ឹម សុគន្ធា ក្រៅពីមានប្រជាជនកម្ពុជា ក្រុមការងារហើយនោះ អ្នកស្រី ក៏មានក្រុមគ្រួសារតែងនៅពីក្រោយជានិច្ច ជាពិសេសនោះ គឺលោក គង់ រ៉ាយុទ្ធ ដែលជាស្វាមី។
ក្នុងនោះដែរ នៅពេលអ្នកស្រី អ៊ឹម សុគន្ធា មានបញ្ហា លោក គង់ រ៉ាយុទ្ធ តែងនៅក្បែរផ្តល់កម្លាំងចិត្ត និង ដោះស្រាយរាល់គ្រប់រឿងរ៉ាវផ្សេងៗសម្រាប់ភរិយាក្នុងនាមជាស្វាមីដ៏ល្អទៀតផង។
ម្យ៉ាងវិញទៀត ក្រោយរឿងរ៉ាវចម្រូងចម្រាស់បានស្ងប់ស្ងាត់ លោក គង់ រ៉ាយុទ្ធ បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់លោក ដោយបានរៀបរាប់ទៅកាន់ភរិយាជាទីស្រឡាញ់ថា ៖ «ក្រោយភ្លៀងមេឃគង់ស្រឡះ ជឿជាក់ថាអូនធ្វើបានល្អហើយ កុំបាក់ទឹកចិត្ត អំពើល្អមិនសាបសូន្យឡើយ។ អ្នកលាបពណ៌មកលើអូន ពិភពលោកមុនក្រោយគង់តែដឹង»៕