ពេលលាឈប់ធ្វើការ បើមិនចោលចរិត ៣ នេះ ដូចបិទផ្លូវខ្លួនឯង ទោះទៅកន្លែងថ្មីក៏គ្មានថ្ងៃរីកចម្រើន
ការលាឈប់ពីកន្លែងធ្វើការ នរណាៗក៏មិនអាចគេចផុត គ្រាន់តែយូរ និង ឆាប់អាស្រ័យទៅតាមស្ថានភាព និង ហេតុផលរៀងៗខ្លួន។ ការផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយ រមែងតែជាឱកាសល្អក្នុងការអភិវឌ្ឍន៍ខ្លួន មិនថាសមត្ថភាព ឡើងតួនាទី ប្រាក់ខែ និង បានស្គាល់មនុស្សថ្មីៗ។ យ៉ាងណាមិញ បុគ្គលមួយចំនួនបានផ្លាស់ពីកន្លែងចាស់ ក្រោមហេតុផលមិនល្អជាច្រើន ជាពិសេសពាក់ព័ន្ធទៅនឹងអត្តចរិត និង ការទំនាក់ទំនងតែម្តង។ ខាងក្រោមនេះ ជាចរិតមិនល្អ ៣ យ៉ាង បើបុគ្គលមិនប្រញាប់ច្រានចោល ទោះទៅកន្លែងថ្មីគ្មានថ្ងៃរីកចម្រើន បើចង់បកក្រោយក៏កុំសង្ឃឹមទៀត។
១. ចរិតផ្គើន
ចរិតផ្គើនអាចបង្ហាញតាមរយៈសកម្មភាព និង ពាក្យសម្តី។ មិនថាផ្គើនតាមរយៈការបង្ហាញផ្ទាល់ ឬ នៅលើបណ្តាញសង្គម វានឹងបង្ហាញពីភាពគ្មានវិជ្ជាជីវៈឬ ឈ្លើយតែម្តង។ មនុស្សជុំវិញខ្លួនរមែងជាភ្នែក ជាត្រចៀក កាលណាមានចរិតនេះកើតឡើង គេនឹងយកទៅនិយាយតគ្នាឱ្យប្រុងប្រយ័ត្ន។ បើទៅដល់កន្លែងថ្មី មិនយូរមិនឆាប់គេនឹងរកវិធីចាត់ការកម្ចាត់ចេញមិនខាន ហើយបើចង់ត្រលប់ក្រោយវិញ ក៏គ្មានថ្ងៃដែលគេយកមកពិចារណាឡើយ។ ដូច្នេះបើសម្គាល់ឃើញថាខ្លួនជាមនុស្សឆាប់ឆេះឆួល ឆ្លើយតបដោយកិរិយាផ្គើន គួរប្រញាប់កាត់វាចេញ។ កាលណាទុកយូរ វាអាចក្លាយទៅជាទម្លាប់ ដែលពេលទៅដល់កន្លែងថ្មីនឹងបង្កក្តីក្តាំងនាំរឿងដាក់ខ្លួនមិនចេះចប់។
២. បង្កើតបក្ខពួក
ការបង្កើតបក្សពួកផ្តោតទៅលើអ្នកដែលកៀរគរគ្នាដោយកាន់យកទស្សនៈតែមួយ ជាពិសេសការច្រណែនឈ្នានីស។ ធាតុពិតជាក់ស្តែងបុគ្គលប្រភេទនេះសុទ្ធតែជាមនុស្សដែលមិនព្រមទទួលស្គាល់ការពិត ហើយរីកចម្រើនតែរឿងនិយាយដើមស៊ីត្រាវធ្វើទុក្ខបុកម្នេញ។ បើអ្នកស្គាល់ និង ដឹងចរិត ច្បាស់ណាស់គេមិនហ៊ានរាប់យូរឡើយ ព្រោះគេគិតថាមនុស្សប្រភេទនេះជាមនុស្សគ្រោះថ្នាក់ ពេលមានបញ្ហានឹងអូសទាញទៅទាំងក្រុម។ បើមិនចោលចរិតពេលចូលកន្លែងថ្មី ទោះធ្វើការច្រើនឆ្នាំទៅមុខទៀត ក៏គ្មានថ្ងៃរីកចម្រើន ព្រោះពួកគេរាប់បានតែមនុស្សលំដាប់ដូចគ្នាប៉ុណ្ណោះ។
៣. មួយម៉ាត់លាឈប់ ពីរម៉ាត់លាឈប់
ទោះមានសមត្ថភាពប៉ុនណា បើគ្មានម្នាក់នៅតែមានម្នាក់ទៀតមកជំនួស។ បើមានការងារថ្មីរង់ចាំរួចរាល់វាមិនថ្វី តែបើមិនទាន់បានត្រៀមខ្លួន ពាក្យលាឈប់ព្រោះតែអារម្មណ៍មួយឆាវ វានឹងធ្វើឱ្យស្តាយក្រោយមិនខាន។ បើមិនចេះអត់ធ្មត់កន្លែងចាស់ផង ទៅកន្លែងថ្មីបានអីនៅយូរទៅ?! ចង់បកក្រោយវិញក៏ហួសពេល។
ជារួមមក ការលាឈប់ពីកន្លែងធ្វើការ នរណាៗក៏មិនអាចជៀសផុត តែការចាកចេញទៅគួរតែសន្សំនូវរឿងល្អៗដែលមានប្រយោជន៍សម្រាប់ជំហានបន្ទាប់។ ការធ្វើការគឺជាការសន្សំ យើងសន្សំទាំងបទពិសោធ សន្សំទំនាក់ទំនង សន្សំមិត្តភាព រួមទាំងសន្សំប្រាក់ចំណូល។ កាលណាយើងចេះសន្សំ ដំណើរជីវិតឆ្ពោះទៅមុខឬទៅកន្លែងថ្មីនឹងប្រកបដោយភាពរីកចម្រើន និង ការអភិវឌ្ឍន៍ខ្លួន។ បើមានឱកាសបកក្រោយ យើងក៏អាចយកបទពិសោធសន្សំពីកន្លែងថ្មី មកអភិវឌ្ឍន៍កន្លែងចាស់យើងឱ្យរីកចម្រើនទាំងអស់គ្នាផងដែរ៕