ការសិក្សារកឃើញថា អ្នករស់នៅមានអាយុវែង សម្រស់នៅចាំ អាចដោយសារទម្លាប់ល្អងាយៗ ៤ យ៉ាងនេះ
មិនខុសពីពាក្យស្លោកដែលគេតែងនិយាយតៗគ្នានោះទេ នៅពេលណាដែលអ្នកផ្លាស់ប្តូរឥរិយាបថនៅក្នុងការរស់នៅ នោះបានន័យថាជីវិតរបស់អ្នកក៏នឹងផ្លាស់ប្ដូរទៅតាមនោះដូចគ្នា ដែលជាក់ស្ដែងមានទម្លាប់ល្អ ៤ យ៉ាង ដែលអ្នកគួរតែមានក្នុងការរស់នៅ ដែលអាចជួយឱ្យអ្នកមានអាយុវែង សម្រស់នៅចាំផងដែរ។
ជាក់ស្ដែង ទម្លាប់ ឬ ឥរិយាបថទាំង ៤ នោះមានដូចជា ៖
១. ត្រូវស្រឡាញ់ជីវិតខ្លួនឯងឱ្យច្រើនៗ
ជាការពិតណាស់ វាតែងតែមានឧបសគ្គ និង ការលំបាកដែលយើងត្រូវជួបប្រទះនៅលើផ្លូវនៃជីវិត ប៉ុន្តែជំនួសឱ្យការត្អូញត្អែរថាជោគវាសនាមិនយុត្តិធម៌ អ្នកគួរតែរកវិធីដោះស្រាយបញ្ហានៅពេលវាកើតឡើងវិញ។ ដូច្នេះយើងត្រូវរៀនពីរបៀបកែលម្អ និង បង្កើតជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងសម្រាប់ខ្លួនយើង។ ជីវិតនឹងកាន់តែស្រស់ស្អាត នៅពេលដែលយើងរក្សាអារម្មណ៍វិជ្ជមាន និងសុទិដ្ឋិនិយម។
២. ញ៉ាំដោយសមហេតុផល
មនុស្សមួយចំនួនមិនដែលយកចិត្តទុកដាក់លើការញ៉ាំទេ ជារឿយៗបណ្តោយឱ្យខ្លួនឃ្លានពេក ឬ ឆ្អែតពេក។ ពួកគេញ៉ាំច្រើននៅពេលពួកគេមានអារម្មណ៍ឃ្លាន ហើយរំលងអាហារនៅពេលពួកគេភ្លេចញ៉ាំ ក្រោយមកទើបពួកគេចាប់ផ្តើមដឹងពីសារសំខាន់នៃការរក្សារបបអាហារមានតុល្យភាព។ ទោះជីវិតរវល់យ៉ាងណាក៏ដោយ ត្រូវចាំថាគ្មានអ្វីសំខាន់ជាងសុខភាពឡើយ ជំហានដំបូងដើម្បីឱ្យរាងកាយមានសុខភាពល្អគឺការញ៉ាំឱ្យបានទៀងទាត់ និង តុល្យភាពសារធាតុចិញ្ចឹមចាំបាច់នៅពេលទទួលទានអាហារ។ ត្រូវចាំថាអ្វីដែលអ្នកដាក់ចូលក្នុងខ្លួនរបស់អ្នក គឺជាអ្វីដែលរាងកាយរបស់អ្នកផ្តល់ជូនអ្នកវិញ។
៣. ធ្វើលំហាត់ប្រាណជាប្រចាំ
ជាទូទៅអ្នកដែលរក្សាទម្លាប់ធ្វើលំហាត់ប្រាណពេញមួយឆ្នាំ ទំនងជាមើលទៅក្មេងជាងវ័យ និង ស្វាហាប់ជាងអ្នកមិនបានហាត់ប្រាណ។ នោះគឺដោយសារតែលំហាត់ប្រាណជួយឱ្យរាងកាយផលិតអរម៉ូន endorphins និង dopamine ដែលជាសារធាតុគីមីពីរដែលរួមចំណែកដល់អារម្មណ៍ល្អ និង សុភមង្គលរបស់មនុស្ស។ លំហាត់ប្រាណធ្វើអោយប្រសើរឡើងនូវការរំលាយអាហាររបស់អ្នក ធ្វើឱ្យអារម្មណ៍របស់អ្នកមានស្ថេរភាព និង ធ្វើឱ្យសុខភាពទូទៅរបស់អ្នកប្រសើរឡើង។ មិនថាអ្នកធ្វើលំហាត់ប្រាណបែបណាទេ ដរាបណាអ្នកនៅតែសកម្ម អ្នកអាចរក្សាសម្រស់ក្មេងជាងមុន និង មានសុខភាពល្អ។
៤. ប្រើការគិតវិជ្ជមាន
មនុស្សអវិជ្ជមាន គឺតែងតែទុទិដ្ឋិនិយមអំពីជោគវាសនារបស់ពួកគេ ខណៈមនុស្សវិជ្ជមានប្រឈមមុខនឹងជីវិតដោយស្នាមញញឹម ដែលធ្វើឱ្យពួកគេមើលទៅក្មេងជាងវ័យ។ កុំគិតថាអារម្មណ៍អវិជ្ជមាន មិនប៉ះពាល់ដល់អ្នក ព្រោះថាអារម្មណ៍អវិជ្ជមានដែលកកកុញតាមពេលវេលា អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់រាងកាយ។ ជីវិតល្អ និង ចិត្តស្ងប់ គឺជាឱសថដ៏អស្ចារ្យ ដើម្បីជួយឱ្យអ្នកនៅក្មេងបានយូរ។ អាយុគ្រាន់តែជាតួរលេខ ហើយចិត្តរបស់អ្នកគឺជាកត្តាសំខាន់ក្នុងការរក្សាអ្នកឱ្យនៅក្មេង។ តាមរយៈការរក្សាទម្លាប់រស់នៅឱ្យមានសុខភាពល្អ និង ធ្វើឱ្យជីវភាពរបស់អ្នកប្រសើរឡើង អ្នកអាចជួយឱ្យរាងកាយរបស់អ្នកទប់ទល់នឹងដំណើរការនៃភាពចាស់បាន៕