Noona ប្រាប់ពីមូលហេតុដ៏មានន័យ ក្រោយគេសួរថា ស្រឡាញ់គ្នា ៨ ឆ្នាំហើយ ម៉េចមិនរៀបការ?
ថ្មីៗនេះតារាចម្រៀង និងសម្ដែងស្រីវ័យ ៣០ ឆ្នាំ Noona Nuengthida បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ក្រោយនាងនិងគូស្នេហ៍បានបង្ហោះវីដេអូក្នុង Tik Tok ដែលប្រៀបដូចជាលុតជង្គង់សុំរៀបការ មើលទៅរំភើបតែក៏ហួសចិត្ត ព្រោះការពិតគឺតារាប្រុស Joonior គ្រាន់តែចងខ្សែស្បែកជើងឱ្យនាងតែប៉ុណ្ណោះ។
ក្រោយវីដេអូនេះ ផ្ទុះឡើងក្នុងបណ្តាញសង្គម អ្នកគាំទ្រជាច្រើនបានលើក សំណួរពាក់ព័ន្ធនឹងរឿងរៀបការទៅកាន់ Noona និង Joonior ថាពេលណាទើបមានដំណឹងល្អ?
ជុំវិញបញ្ហានេះ Noona ក៏បានដាច់ចិត្តឆ្លើយត្រលប់ទៅវិញថា៖ «តាមពិតទៅវីដេអូនោះគឺជាពេលដែលយើងថត Tik Tok លេងជាមួយគ្នា ដោយឃើញគេនិយមលេងវា ហើយក៏ចង់ក្លាយជាតារា Tik Tok ម្នាក់ដែរ តែមិននឹកស្មានថាវាផ្ទុះលឿនបែបនេះ»។
«ចំពោះរឿងរៀបការគឺមិនទាន់គិតទេចាស ទុកមួយឡែកសិន ដោយមូលហេតុគឺខ្ញុំយល់ថានាយុគសម័យនេះ រឿងរៀបការមិនមែនត្រឹមតែហេតុផលថាអូនស្រឡាញ់បង បងស្រឡាញ់អូន ឬក៏ព្រោះតែចាស់ទុំឌុកដាន់ទេ តែរឿងលុយក៏ជាចំណែកមួយសំខាន់ដូចគ្នា ហេតុដូចនេះខ្ញុំគិតពីបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុច្រើន។ តើបន្ទាប់ពីរៀបការយើងត្រូវធ្វើអ្វី? ហើយចំណូលពួកយើងទាំងពីរគ្រប់គ្រាន់ឬនៅ? វាមានស្ថេរភាពឬនៅ? ដោយសារពួកយើងទើបងើបឡើងពីវិបត្តិកូវីដ ការងារទាំងខ្ញុំ និង Joonior ក៏មិនទាន់
មានច្រើន ចឹងយើងចង់ផ្តោតលើការរកចំណូលឱ្យបានច្រើនសិន មិនមែនរៀបការ ព្រោះតែហេតុផលយើងស្រឡាញ់គ្នាខ្លាំងនោះទេ»៕