ប្រឡងចម្រៀងជួបស្នេហ៍! បេក្ខភាព The Voice ២ គូ សាងស្នេហ៍ពេលប្រកួត មានមួយគូបានភ្ជាប់ពាក្យហើយ
មហាជននិយមតាមដានវិស័យសិល្បៈ អាចនឹងចាប់អារម្មណ៍ និង សរសើរដល់គូសិល្បករ សិល្បការិនីមួយចំនួន ដែលបានមកស្គាល់គ្នាក្នុងវិស័យសិល្បៈ ហើយប្រែក្លាយមិត្តភាពទៅជាស្នេហា ខណៈអ្នកផ្សេងស្ទើរពេញមួយជីវិតហើយ មិនទាន់រកគូបានផងនោះ។
ជាក់ស្តែង ក្រឡេកទៅមើលកម្មវិធីប្រកួតចម្រៀង The Voice Cambodia ឯនោះវិញ ក៏ត្រូវបានមហាជន ដាក់ងារជាកម្មវិធីប្រកួតចម្រៀងជួបស្នេហ៍ ដោយចាប់តាំងពីរដូវកាលទី ១ មកដល់រដូវកាលទី ៣ គឺមានបេក្ខជន បេក្ខនារី ចំនួន ២ គូ ពោលគឺ ៤ រូបហើយ ដែលបានប្រែមិត្តភាពអំឡុងពេលប្រកួតក្លាយទៅជាស្នេហា។ ក្នុងនោះ ក៏មានអ្នកដឹកដៃគ្នាភ្ជាប់ពាក្យក្លាយទៅជាគូដណ្តឹងទៀតផង។
១. កញ្ញា ប៉ាច គីមមួយ និង លោក សយ រតនៈ
កញ្ញា ប៉ាច គីមមួយ និង លោក សយ រតនៈ គឺជាបេក្ខភាពប្រកួតកម្មវិធី The Voice Cambodia រដូវកាលទី ១ កាលពីអំឡុងឆ្នាំ ២០១៤។ កាលនោះ តារាប្រុសស្រីទាំង ២ គ្រាន់តែជា មិត្តភក្តិស្គាល់គ្នាក្នុងការប្រកួតប៉ុណ្ណោះ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំក្រោយ លោក សយ រតនៈ និង កញ្ញា ប៉ាច គីមមួយ បានមើលចិត្តគ្នា និង ក្លាយទៅជាគូស្នេហ៍ដោយបើកចំហរនៅអំឡុងឆ្នាំ ២០២១។ មិនយូរប៉ុន្មាន នៅថ្ងៃទី ០១ ខែកក្កដាឆ្នាំ ២០២២ លោក សយ រតនៈ បានដឹកដៃចាស់ទុំចូលស្តីដណ្តឹង កញ្ញា ប៉ាច គីមមួយ តាមប្រពៃណី ប្តូរឈ្មោះជាសង្សារក្លាយទៅជាគូដណ្តឹងផងដែរ។
២. លោក ហេង សុវណ្ណនរៈ និង កញ្ញា ម៉ាក្ស ដាណារ៉េ
បេក្ខភាព The Voice Cambodia រដូវកាលទី ៣ កូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា លោក ហេង សុវណ្ណនរៈ និង កញ្ញា ម៉ាក្ស ដាណារ៉េ ត្រូវបានមហាជនចាប់អារម្មណ៍បន្ទាប់ពីអ្នកទាំង ២ បានប្រកួតប៉ះគ្នាក្នុងវគ្គ The Battles សប្តាហ៍ទី ២។
ក្រោយការប្រកួតវគ្គ The Battles នោះដែរ លោក ហេង សុវណ្ណនរៈ និង កញ្ញា ម៉ាក្ស ដាណារ៉េ ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ពីសកម្មភាពទាំងលើឆាក និង ក្រៅឆាកមានភាពស្និទ្ធស្នាល និង ស័ក្តិសមនឹងគ្នាខ្លាំង រហូតអ្នកគាំទ្រជាច្រើនបានផ្គូផ្គងចង់ឱ្យអ្នកទាំងមានទំនាក់ទំនងស្នេហានឹងគ្នាទៀតផង។ យ៉ាងណាមិញ មិនបានប៉ុន្មាន លោក ហេង សុវណ្ណនរៈ និង កញ្ញា ម៉ាក្ស ដាណារ៉េ បានចេញមុខមកបង្ហាញជាសាធារណៈ ថាអ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្តភាព ពោលគឺជាសង្សារនឹងគ្នា៕