Miss Grand អ៊ុយក្រែន ២០២៤ ប្រកាសដកខ្លួនពីការប្រកួត MGI 2024 យ៉ាងកត់ក្រហល់ ក្រោមមូលហេតុស្មានមិនដល់ជាច្រើន
កាលពីពេលថ្មីៗនេះ អ្នកនិយមតាមដានវិស័យបវរកញ្ញាជាពិសេសកម្មវិធី Miss Grand International មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី Miss Grand អ៊ុយក្រែន ២០២៤ បានដកខ្លួនចេញពីការប្រកួត MIG 2024 ព្រោះតែបញ្ហារំលោភសិទ្ធិបុគ្គល អំឡុងពេលហ្វឹកហាត់។
ក្នុងនោះដែរ នាង Kateryna Bilyk បវរកញ្ញាតំណាងឱ្យប្រទេសអ៊ុយក្រែន បានបង្ហោះសេចក្តីជូនដំណឹងជាផ្លូវការនៅលើគណនី Instagram របស់នាងកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៤ ថា នាងត្រូវបានរងការបង្ខិតបង្ខំក្នុងហ្វឹកហាត់ ស្របពេលខ្លួនកំពុងតែមានបញ្ហាសុខភាព។
Miss Grand អ៊ុយក្រែន ២០២៤ បានបញ្ជាក់ថា នាងពិតជាមានការសោកស្តាយក្នុងការដកខ្លួនចេញពីការប្រកួត MGI 2024 នេះ ប៉ុន្តែដោយសារបញ្ហាប្រឈមផ្នែកសុខភាព អំឡុងពេលប្រកួត ដោយរយៈពេល ២ សប្តាហ៍កន្លងមកនេះ នាងត្រូវបានកំណត់ឱ្យចូលរួមសកម្មភាពផ្សេងៗក្នុងកម្មវិធីតាំងពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ១១ យប់ ឬក៏ពាក់កណ្តាលអធ្រាត្រ ហើយមានថ្ងៃមួយនោះ គឺពីម៉ោង ៣ ភ្លឺ ដល់ម៉ោង ១១ យប់។
នាង Kateryna Bilyk បានបន្ថែមថា ទោះជានាងមានបញ្ហាសុខភាព គ្រុនក្តៅក្តី ក្នុងពេលប្រមាណជា ១១ ថ្ងៃចុងក្រោយនេះក្ដី និង មានបញ្ហាផ្នែកសុខភាពជាច្រើនទៀត។ ស្ថានភាពសុខភាពរបស់នាងបានកត់ត្រាដោយវេជ្ជបណ្ឌិតរបស់សណ្ឋាគារចំពោះសម្ពាធខ្ពស់ តែក្រោយមកនាងត្រូវបានខាងក្រុមការងារ MGI ផ្ដល់ថ្នាំដោយគ្មានការអនុញ្ញាតច្បាស់លាស់ បណ្ដាលឱ្យនាងកើតអាលែហ្សីទៀតផង។
តាមសេចក្ដីប្រកាសរបស់បវរកញ្ញា អ៊ុយក្រែនរូបនេះ បានឱ្យដឹងបន្ថែមទៀតថា ដ្បិតថាខាង MGI បានទទួលខុសត្រូវចំពោះសុខុមាលភាពរបស់នាង ប៉ុន្ដែពួកគេបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពនាងទាំងកាយ និង ចិត្ត។ លើសពីនេះ អ្នករៀបចំក៏បានរឹបអូសលិខិតឆ្លងដែនរបស់នាងរយៈពេល ៣ ថ្ងៃ អំឡុងពេលមកទឹកដីប្រទេសកម្ពុជា។
មិនត្រឹមតែប៉ុណ្ណោះ នាងបានបញ្ជាក់ថា ប្រធានស្ថាប័ន MGI បានតេ និង ផ្ញើសារមកគំរាមកំហែងនាង និង អ្នកផ្សេងទៀតដោយបំពានសិទ្ធិនាង និង ច្បាប់អន្តរជាតិ។ ដូច្នេះហើយ នាងបញ្ជាក់ថា នាងនឹងរក្សាសិទ្ធិ ក្នុងការប្រើប្រាស់វិធានការផ្លូវច្បាប់ និងទាមទារសំណង ចំពោះការខូចខាតដែលបានកើតឡើង៕