ភ្ជុំនេះបើបានទៅកំពង់ឆ្នាំង កុំភ្លេចចូលលេងវត្តត្រឡែងកែង អតីតរាជធានីលង្វែក មានប្រវត្តិគួរឱ្យស្វែងយល់
វត្តត្រឡែងកែង ឬ រមណីយដ្ឋានអតីតរាជធានីលង្វែក ស្ថិតនៅភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច មានចម្ងាយប្រមាណ ៥១ គ.ម ពីក្រុងកំពង់ឆ្នាំង។ វត្តត្រឡែងកែងជាវត្តដែលមានវ័យចំណាស់ជាងគេនាយុគសម័យលង្វែក ១៥២៥-១៥៩៥ មានឈ្មោះថា ព្រះវិហារមណ្ឌប កសាងឡើងក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទរាជា ១៥២៥-១៥៦៧ ដើម្បីឧទ្ទិសដល់ជ័យជម្នះរបស់ទ្រង់ ក្នុងការធ្វើសឹកសង្គ្រាមប្រឆាំងនឹងការគ្រងរាជ្យសម្បត្តិរបស់ស្តេច កន និង ជ័យជម្នះលើពួកបច្ចាមិត្ត ឬ សត្រូវបរទេស ដែលចូលមកលុកលុយប្រទេសខ្មែរនាសម័យនោះ។
ទីអារាមដ៏ស័ក្តិសិទ្ធិនេះត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា នៅរវាងគ្រិស្តសករាជ ១៥២៥-១៥៩៥ ដើម្បីឧទ្ទិសដល់ជ័យជម្នះរបស់ទ្រង់ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងស្ដេចកន និង ដើម្បីរម្លឹកពីជោគជ័យរបស់ព្រះអង្គលើពួកសៀម ដែលចូលលុកលុយប្រទេសខ្មែរ ព្រោះពេលដែលព្រះអង្គកំពុងធ្វើសង្គ្រាមនោះ ព្រះអង្គបានបួងសួងថា សូមឱ្យវត្ថុស័ក្ដិសិទ្ធិជួយជាកម្លាំង។ បើព្រះអង្គធ្វើសង្គ្រាមឈ្នះលើទ័ពពួកបច្ចាមិត្ត ព្រះអង្គនឹងកសាងវត្តអារាមឱ្យគ្រប់ចំនួន ១០១ វត្ត ដើម្បីបូជាចំពោះព្រះពុទ្ធសាសនា។
ក្រោយពេលចប់សង្គ្រាម ព្រះបាទច័ន្ទរាជាបានឡើងគ្រងរាជ្យសម្បត្តិគ្រប់គ្រងព្រះរាជាណាចក្រខ្មែរទាំងមូល ហើយព្រះអង្គបានចាត់ចែងកសាងវត្តតាមពាក្យសច្ចាប្រាកដមែន ក្នុងនោះមានវត្តត្រឡែងកែង ដែលស្ថិតនៅក្នុងរាជធានីថ្មីតែម្ដង។
នៅក្នុងបរិវេណអតីតរាជធានីលង្វែកនេះ ទេសចរទាំងឡាយអាចទស្សនាព្រះវិហាររចនាបថបុរាណមួយក្នុងវត្តត្រឡែងកែង មានឈ្មោះថា «ព្រះវិហារមុខបួន» (វិហារត្រឡែងកែង)។ នៅក្នុងវិហារនេះ មានព្រះពុទ្ធបដិមាត្រឡែងកែងទ្រង់ឈរទល់ខ្នងគ្នាបែរព្រះភ័ក្រ្តឆ្ពោះទៅរកទិសទាំង ៤ ដែលខុសប្លែកពីពុទ្ធបដិមានៅក្នុងបណ្តាព្រះវិហារដទៃទៀតនៅក្នុងស្រុកខ្មែរយើង។ នៅក្នុងព្រះវិហារមុខបួន លោកអ្នកក៏អាចទស្សនាការប្រគំភ្លេងពិណពាទ្យយ៉ាងពីរោះរណ្ដំផងដែរ ដែលឧបករណ៍ភ្លេង និង អ្នកភ្លេងមានប្រចាំការនៅទីនោះស្រាប់។
ឆ្ពោះទៅទិសខាងកើតឈៀងខាងជើង នៃព្រះវិហារមុខបួនបន្តិច មានបូជនីយដ្ឋានដ៏ល្បីមួយទៀត គឺ «ប្រាសាទព្រះគោព្រះកែវ» ដែលនៅទីនោះមានតម្កល់ពុទ្ធបដិមា រូបសំណាកព្រះគោព្រះកែវ និង បដិមាតូចធំជាច្រើនគួរជាទីសក្ការៈ។ ចាស់ព្រឹទ្ធាចារ្យថែរក្សានៅទីនោះបានដំណាលថា នៅទីនោះមានរូងបុរាណមួយដែលអ្នកស្រុកហៅថា «រូងពស់ត្បាល់» ជាផ្លូវក្រោមដីមួយតភ្ជាប់ពីវត្តត្រឡែងកែង កាត់តាមក្រោមភ្នំព្រះរាជទ្រព្យ ហើយបន្តធ្លាយដល់ភ្នំបាសិតទៀតផង។
ចាប់ពីឆ្នាំ ១៩៨៥ មក វត្តត្រឡែងកែង ត្រូវបានជួសជុល និង កែលម្អជាបន្តបន្ទាប់ ក្នុងបំណងកសាងទីអារាមនេះ ឱ្យក្លាយទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដោយរក្សាទុកនូវកេរដំណែលពីអតីតកាល ដែលមានស្រាប់ឱ្យនៅគង់វង្សដដែល។ វត្តត្រឡែងកែងបានទាក់ទាញពុទ្ធបរិស័ទពីទីជិតឆ្ងាយ រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង…ជាដើម៕