(វីដេអូ) MasterChef ជួបស្នេហ៍! ផ្ទុះចាប់អារម្មណ៍បេក្ខជន ដាឡែត និង តារាម៉ាលីន បង្កាត់ភ្លើងស្នេហ៍ក្រៅឆាកស្ងាត់ៗ
មហាជនអ្នកនិយមតាមដានការប្រកួតកម្មវិធីចម្អិនម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី ៣ ច្បាស់ជាបានទស្សនាមកហើយ ដោយកាលពីសប្តាហ៍មុនកម្មវិធីបានឈានមកដល់សប្តាហ៍ទី ៦ ហើយ។ ក្នុងនោះដែរ ក៏មានបេក្ខភាពខ្លះត្រូវបានជម្រុះជាបន្តបន្ទាប់ និង ខ្លះទៀតមានថ្វីដៃបន្តដំណើរទៅកាន់ការប្រកួតនៅសប្តាហ៍ក្រោយៗទៀត។
ស្របពេលដំណើរនៃការប្រកួតនេះដែរ បេក្ខជនទាំងអស់ ក៏ត្រូវបានកម្មវិធីរៀបចំកន្លែងស្នាក់នៅជុំគ្នាទៀតផង ដោយមើលទៅពោរពេញដោយក្តីស្រឡាញ់ ការរាប់អាន ខុសពីការប្រកួតនៅចង្ក្រាន្តបាយ MasterChef Cambodia ដែលបង្ហាញការប្រកួតប្រជែងយកចាញ់ យកឈ្នះយ៉ាងពេញទំហឹង។
ដោយឡែក ក្រឡេកទៅមើលបេក្ខជន ២ រូប គឺលោក ចៅ ដាឡែត មកពីខេត្តពោធិ៍សាត់ និង កញ្ញា ឆៃ តារាម៉ាលីន មកពីខេត្តកំពត កំពុងត្រូវបានមហាជនចាប់អារម្មណ៍ពីសកម្មភាពរបស់អ្នកទាំង ២ ដោយមើលទៅហាក់ស្និទ្ធស្នាលខុសពីធម្មតា។ ម្យ៉ាងវិញទៀត រូបភាព និង វីដេអូជាច្រើនបង្ហាញពីបេក្ខភាពអ្នកទាំង ២ ត្រូវបានមហាជនសួរនាំថា ៖ «ឃើញកញ្ញា ម៉ាលីន នៅក្បែរលោក ដាឡែត រហូត»។
យ៉ាងណាមិញ បើតាមការបង្ហោះវីដេអូ និង ឆ្លើយតបនូវសំណួរទាំងអស់នោះ មានគណនី Tik Tok ឈ្មោះ Amouy ដែលត្រូវបានគេស្គាល់ជាបេក្ខភាពម្នាក់ក្នុងកម្មវិធី MasterChef Cambodia មួយរូបដែរ គឺអ្នកនាង កែវ វង្សច័ន្ទរស្មី ហាក់បញ្ជាក់ជំនួសសាមីខ្លួនថាពួកគេពិតជាមានស្នេហានឹងគ្នាថា៖ «គូស្នេហ៍គេស្រលាញ់គ្នាត្រូវតែនៅជិតមេីលថែគ្នាចឹងហេីយបង»។ លើសពីនោះ គណនី Tik Tok នេះ បន្ថែមថា៖ «ដាឡែត និង ម៉ាលីន គឺជាគូស្នេហ៍គ្នាពិត ចាប់ផ្តើមស្គាល់គ្នា ស្រឡាញ់គ្នា ពេលប្រកួត»។
ក្រោយពីដឹងច្បាស់ពីទំនាក់ទំនងរបស់ បេក្ខជន ចៅ ដាឡែត និង ឆៃ តារាម៉ាលីន ពិតជាមានទំនាក់ទំនងស្នេហានឹងគ្នាមែននោះ អ្នកគាំទ្រជាច្រើនក៏បានចូលទៅបញ្ចេញមតិថា៖ «MasterChef ជួបស្នេហ៍»៕