កៅ សីហា យំហើយយំទៀត ខ្លោចចិត្តអាណិតលោកយាយ ខំរង់ចាំប្ដីអស់ ៥៤ ឆ្នាំ ពេលជួបវិញប្ដីមានប្រពន្ធថ្មីកូនចៅពេញផ្ទះ
មួយរយៈមុន រឿងរ៉ាវរំជួលចិត្តមួយត្រូវបានផ្ទុះចែករំលែកឡើងពេញបណ្ដាញសង្គម Tiktok ក្រោយមានករណីលោកយាយចំណាស់ជនជាតិចិនម្នាក់ បានរង់ចាំលោកតាដែលជាប្ដីឃ្លាតបែកគ្នា ព្រោះតែសង្គ្រាមអស់ពេល ៥៤ ឆ្នាំ តែពេលជួបលោកតាវិញ គាត់បែរជាមានប្រពន្ធថ្មីមានកូនចៅពេញផ្ទះ ខណៈលោកយាយរស់ឯកាម្នាក់ឯងមករហូត។
មិនត្រឹមតែនៅលើបណ្ដាញសង្គមចិនទេ ដែលខ្លោចចិត្តអាណិតដល់ស្នេហាដ៏ស្មោះស្ម័គ្ររបស់លោកយាយ ចំពោះប្ដី ប៉ុន្ដែមនុស្សម្នានៅលើបណ្ដាញសង្គមទាំងមូល ពិតជារំជួលចិត្តជាពន់ពេក ពេលបានស្ដាប់នូវដំណើរជីវិតរង់ចាំប្ដីរបស់លោកយាយ សុខចិត្តទ្រាំរស់នៅឯការយៈពេល ៥៤ ឆ្នាំសង្ឃឹមថ្ងៃណាមួយអាចរកឃើញប្ដីហើយត្រឡប់មករស់នៅជួបជុំគ្នាវិញ តែក្ដីរំពឹងក្លាយទៅជាទឹកភ្នែកស្រក់ចុះមកទាំងឈឺចាប់ខ្លោចផ្សារជាទីបំផុត ព្រោះប្ដីដែលខំរង់ចាំអស់រាប់សិបឆ្នាំ បានរៀបការប្រពន្ធថ្មី ថែមទាំងមានកូនចៅពេញផ្ទះទៀត។
មហាជនជាច្រើនដែលបានដឹងនូវរឿងរ៉ាវរបស់លោកយាយហើយ មានក្ដីក្ដុកក្ដួលរំជួលចិត្តជាខ្លាំង សូម្បីតែអ្នកដឹកនាំរឿងដ៏ល្បី គឺលោក កៅ សីហា ក៏លើកឡើងថា លោកយំហើយយំទៀតរាល់ពេលដែលលោកមើលរឿងរ៉ាវរបស់លោកយាយ។
លោក កៅ សីហា បានបង្ហាញអារម្មណ៍លើហ្វេសប៊ុកថា ៖ «មើលពេលណា យំរហូតចឹងខ្ញុំអើយ… ព្រហ្មលិខិតលេងសើចណាស់ ហេតុអី ៥៤ ឆ្នាំប្រែគ្មានន័យ? សូម្បីឈោងដៃទៅឱបក៏តាចាស់នេះរាដៃបដិសេដមិនឱ្យមកឱបបាន…. ត្រឹមយើងជាអ្នកដទៃឃើញហើយចុកណែនអួលដើមទ្រូងនូវទង្វើអាត្មានិយមរបស់តាចាស់នេះ ចុះទម្រាំលោកយាយ? ប្រហែលមានតែមនុស្សចិត្តស្មោះដូចខ្ញុំទេមើលទៅដែលមើលហើយឈឺអួល យល់នូវការប៉ះទង្គិចផ្លូវអារម្មណ៍នេះច្បាស់ ហើយក៏ប្រហែលមានតែមនុស្សដែលចូលចិត្តឱបក្រសោបអតីតកាលដូចជាខ្ញុំទេបានមើលហើយមើលទៀត យំហើយយំទៀតអីចឹងនោះ….»៕