ច្បាស់ណាស់ទៅហើយ បើគ្រាន់តែនិយាយពីរឿង បាយសាច់ជ្រូកនោះ លោកអ្នកប្រាកដជាកូរពោះ ស្រក់ទឹកមាត់ នឹកដល់ហាងអាហារជាច្រើនជាក់ជាមិនខាន ។ ក្នុងនោះ បើគិតមកដល់ពេលនេះ បាយសាច់ជ្រូក ក៏ត្រូវបានអ្នកនិយមចូលចិត្តញុំាហៅថា បាយបឋម បាយសិស្សសាលា ក៏ព្រោះតែនៅពេលដែលបានញុំាហើយ គ្រប់គ្នាតែងតែនឹកដល់អតីតកាល ញុំាបានដែលមានរសជាតិនេះ ពេលនៅរៀនជាក់ជាមិនខាន។
ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកនូវរូបមន្តធ្វើបាយសាច់ជ្រូក ឬ បាយបឋម ដែលដកស្រង់ពី គណនីឈ្មោះ Sreythik Tho មកចែករំលែកជាចំណេះដឹងជូនប្រិយមិត្តអ្នកអានទាំងអស់គ្នា។
#គ្រឿងផ្សំ
-សាច់ជ្រូក យកសាច់ជាប់ខ្លាញ់ កន្លះគីឡូ, សាច់ជ្រូកជាប់ខ្លាញ់ចិញ្ច្រាំ កន្លះខាំ, ពងទា ៤ គ្រាប់, ស្លឹកខ្ទឹម ២ ដើម, ស្បែកជ្រូកបន្តិច, ត្រសក់, ការ៉ុត, ខ្ទឹមក្រហម, ខ្ទឹមសរ, ក្រូចឆ្មារ, អំបិល, ម្សៅស៊ុប, ស្ករត្នោត, ប្រេងខ្យង, ទឹកដោះគោឆៅ កន្លះកូនចាន, ប្រេងអូលីវ (ឬក៏ប្រើប្រេងធម្មតាក៏បាន)។
#របៀបធ្វើ
+របៀបប្រឡាក់សាច់៖
-យកសាច់ជ្រូកហាន់ ជាបន្ទះស្តើងៗ ប្រឡាក់ប្រេងខ្យង ម្សៅស៊ុប ស្ករត្នោត ទុកចោលមួយយប់។
+របៀបធ្វើជ្រក់៖
ចិតត្រសក់ និង ការ៉ុត ជាចំណិតស្តើងៗ រួចដាក់អំបិល ស្ករ និង ក្រូចឆ្មារ ភ្លក្សល្មមជូរប្រៃផ្អែម ហើយច្របាច់តិចៗឱ្យចូលជាតិ ។ បន្ទាប់មក ដាក់ខ្ទឹមសរចិញ្ច្រាំ និង ខ្ទឹមក្រហម ហាន់ស្តើងៗលាយចូលគ្នា រួចយកទៅដាក់ក្នុងទូរទឹកកកឱ្យត្រជាក់មួយយប់។
+ របៀបចៀនសាច់ឱ្យទន់ និង ឆ្ងាញ់មានជាតិ៖
-ចាក់ប្រេងអូលីវ ឬ ប្រេងឆាធម្មតា ចូលប្រហែលកន្លះកូនចានចង្កឹះ ដាក់ឱ្យក្តៅ រួចដាក់សាច់ចូលចៀន ។ ចៀនបានមួយត្រលប់ហើយ ចាក់ទឹកដោះគោឆៅចូលរំងាស់វា និង បើកភ្លើងចង្ក្រាន្តល្មមៗ តិចៗ ។ រំងាស់ទាល់តែដាច់ទឹក នៅសល់តែប្រេង និង សាច់ឡើងក្រហមឈ្ងុយ សឹមលើកសាច់ឡើងទុកមួយឡែក (ធ្វើបែបនេះសាច់ទន់ ហើយឈ្ងុយឆ្ងាញ់ មានជាតិ) ។
+របៀបធ្វើទឹកខ្លាញ់ស្រូបលើបាយ៖
យើងអាចយកទឹកប្រេងដែលចៀនសាច់នៅសល់ មកឆាជាមួយខ្ទឹមសរឱ្យឈ្ងុយ សឹមចាក់សាច់ជ្រូកចិញ្ច្រាំ និងស្បែកជ្រូកចូលគ្នា រួចឆាឱ្យឆ្អិន។ ដាក់ប្រេងខ្យង ម្សៅស៊ុប ស្ករ រំងាស់បន្តិច រួចគោះពងទាវ៉ៃឱ្យសព្វ លាយទឹកបន្តិចប្រហែល ៣ ស្លាបព្រា រួចចាក់ពងទាចូលសាច់ឆាម្តងបន្តិចៗ (កូរបណ្តើរ ចាក់ចូលបណ្តើរ) រួចបិទភ្លើង ចាក់ស្លឹកខ្ទឹមចូល ។ ចៀនពងទាស្តើងៗមិនបាច់ដាក់គ្រឿងនោះឡើយ។
បន្ទាប់ពីធ្វើគ្រឿងផ្សំផ្សេងៗរួចរាល់ យើងដួសបាយដាក់ចាន យកពងទាដែលចៀន និង សាច់ជ្រូក ហាន់ស្ដើងដាក់ពីលើ ហើយចុងក្រោយស្រូបទឹកខ្លាញ់ ដាក់ជ្រក់ ជាការស្រេច។ បញ្ចាក់៖ សម្រាប់គ្រឿងផ្សំអាចប្រែប្រួលទៅតាមការចូលចិត្ត តែហាមធ្វើប្រៃ (ព្រោះយើងញុាំជាមួយសាច់ ទឹកខ្លាញ់ និង ជ្រក់ទៀត)៕
ប្រភព៖ Sreythik Tho