កក្រើកមិនខាន! ឆ្នាំនេះ Mini Miss, Little Miss និង Miss Preteen កម្ពុជា នឹងរៀបចំខ្នាតធំ មើលទៅដឹងតែពេញភ្នែកហើយ
មួយរយៈក្រោយនេះ លោក អ៊ិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload ទទួលបានជោគជ័យខ្លាំង នៅក្នុងការរៀបចំកម្មវិធីបវរកញ្ញាវ័យក្មេងកម្ពុជា ក្នុងនោះមានដូចជា Miss Teen និង Miss Preteen International Cambodia ជាដើម។ រាល់អ្នកឈ្នះក្នុងស្រុកដែលលោកបញ្ជូនទៅអន្តរជាតិ ជាលទ្ធផលបានដណ្តើមតំណែងទាំងជាម្ចាស់ជ័យលាភី និង លំដាប់រង។
ខណៈកម្មវិធីបវរកញ្ញាវ័យក្មេងកម្ពុជានឹងត្រៀមប្រកួតយកមកុដសម្រាប់ឆ្នាំ ២០២៤ លោក អ៊ិន វិចិត្រ ក៏នឹងត្រៀមរៀបចំឱ្យកាន់តែហ៊ឹកហ៊ាក់ជាងមុនផងដែរ។ តួយ៉ាង តាមការបង្ហោះថ្មីថ្មោងនៅលើទំព័រហ្វេសប៊ុករបស់លោក បានសរសេររៀបរាប់ខ្លីថា៖ «ខ្ញុំធ្វើកម្មវិធី Next Generation Icon នៅថ្ងៃទី ៣០ ខែតុលា ដល់ ថ្ងៃទី ០៤ ខែវិច្ឆិកា ជាកម្មវិធីឆាកធំជាងគេ សម្រាប់វ័យ Mini Miss, Little Miss and Miss Preteen»។
គួរឱ្យដឹងដែរថា តាមរយៈការបញ្ជូនបេក្ខភាពទៅប្រកួតកន្លងមក អន្តរជាតិមានការចាប់អារម្មណ៍ខ្លាំងមកលើកម្ពុជា ដែលបេក្ខភាពម្នាក់ៗមិនត្រឹមតែវ័យក្មេងស្រស់ស្អាតប៉ុណ្ណោះទេ តែថែមទាំងឆ្លាតវៃទាំងចំណេះដឹង និង ភាសាផងដែរ។ នេះហើយជាលទ្ធផលដែលបេក្ខភាពបវរកញ្ញាវ័យក្មេងកម្ពុជា បានឈ្នះជាម្ចាស់ជ័យលាភី និង លំដាប់រង ធ្វើឱ្យកម្ពុជាលេចធ្លោខ្លាំងនៅលើឆាកអន្តរជាតិ៕