ភរិយាប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវរដ្ឋអាជ្ញាហៅសួរនាំ ជុំវិញការទទួលកាបូប Dior តម្លៃ ២២០០ ដុល្លារ
រដ្ឋអាជ្ញាក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានសាកសួរនាំលើស្ត្រីទីមួយរបស់កូរ៉េខាងត្បូង Kim Keon-hee ជុំវិញការចោទប្រកាន់លើបទក្លែងបន្លំភាគហ៊ុន និង ទទួលសំណូក ជុំវិញការទទួលកាបូបប្រណីតម៉ាក Dior តម្លៃ ២២០០ ដុល្លារ។
ការិយាល័យរដ្ឋអាជ្ញាកណ្ដាលប្រចាំក្រុងសេអ៊ូល បានថ្លែងកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅថា រដ្ឋអាជ្ញា បានធ្វើការសាកសួរស្ត្រីទីមួយ Kim Keon-hee ដោយផ្ទាល់ នាអគាររដ្ឋាភិបាល កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៤។ ការសាកសួរនោះដែរ ចាយពេលរហូតដល់ទៅ ១២ ម៉ោងឯណោះ ដោយបញ្ចប់ការសាកសួរនៅម៉ោង ១ និង ២០ នាទីយប់។
ការសាកសួរទាំងយប់នេះដែរ គឺផ្ដោតសំខាន់លើករណីចោទប្រកាន់រឿងក្លែងបន្លំភាគហ៊ុននៅក្រុមហ៊ុន Deutsch Motors ចាប់ពីឆ្នាំ ២០០៩ ដល់ ២០១២ រួមទាំងការទទួលកាបូបប្រណីតម៉ាក Dior ដែលមានតម្លៃប្រមាណ ៣ លានវ៉ុន (២២០០ ដុល្លារ) រួមទាំងកាដូមានតម្លៃផ្សេងៗទៀត។ នេះជាលើកដំបូងហើយ ដែលលោកស្រី Kim ត្រូវខាងរដ្ឋអាជ្ញាសាកសួរដោយផ្ទាល់ជុំវិញករណីក្លែងបន្លំភាគហ៊ុននេះ។ កាលពីឆ្នាំទៅ ខាងរដ្ឋអាជ្ញា បានផ្ញើសំនួរទៅឱ្យលោកស្រី ប៉ុន្តែមិនទទួលបានចម្លើយតាមអ្វីដែលពួកគេចង់បាននោះឡើយ។
គួរបញ្ជាក់ផងដែរថា ក្រោមច្បាប់របស់ប្រទេសកូរ៉េខាងត្បូង រដ្ឋមន្ត្រី រួមទាំងដៃគូជីវិតរបស់ពួកគេ គឺហាមប្រាមមិនឱ្យទទួលកាដូអ្វីមួយដែលមានតម្លៃលើស ៧៥០ ដុល្លារឡើយ។ យ៉ាងណាមិញ បើតាមជំនួយការរបស់លោកស្រី Kim បានថ្លែងប្រាប់អ្នកស៊ើបអង្កេតកាលពីដើមខែកន្លងទៅថា លោកស្រី Kim បានប្រាប់គាត់ឱ្យប្រគល់កាបូបនោះទៅឱ្យគេវិញក្នុងថ្ងៃដែលលោកស្រី Kim ទទួលនោះ ប៉ុន្តែជំនួយការគាត់បានភ្លេច ដោយសារតែនាងរវល់ខ្លាំងពេក។
ជុំវិញរឿងអាស្រូវទទួលកាបូបនេះដែរ កាលពីខែកុម្ភៈកន្លងទៅ លោកប្រធានាធិបតី Yoon ក៏បានចេញមុខការពារភរិយារបស់លោកផងដែរដោយលោកចាត់ទុករឿងនោះជារឿងនយោបាយ ហើយថែមទាំងបន្ថែមថា លោកស្រី Kim ទទួលកាបូបនោះ ព្រោះតែគាត់ពិបាកនឹងបដិសេធ។ យ៉ាងណាមិញ ៣ ខែក្រោយក្នុងសន្នីសីទកាសែត លោក Yoon ក៏បានចេញមុខសុំទោស និងទទួលស្គាល់ថា ការទទួលការកាបូបនោះ គឺជារឿងមិនសមហេតុផលមែន៕
ប្រភព៖ VN Express