ខ្យល់អាកាសនៅក្រុងហាណូយ ប្រទេសវៀតណាម ឈានដល់កម្រិតគ្រោះថ្នាក់បំផុតអាចប៉ះពាល់សុខភាពពលរដ្ឋធ្ងន់ធ្ងរ
ក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ គុណភាពខ្យល់ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានធ្លាក់ចុះក្នុងកម្រិតអាក្រក់បំផុត ដោយនៅតំបន់ Minh Khai សង្កាត់ Bac Tu Liem គុណភាពខ្យល់ AQI ឡើងដល់ ៣៨០ ឯណោះ។
សារព័ត៌មានវៀតណាម VN Express បានចេញផ្សាយនៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ នេះថា ទីក្រុងហាណូយមានអ័ព្ទធ្លាក់កម្រិតស្រាលនៅព្រឹកព្រលឹម ប៉ុន្តែដល់ម៉ោង ៩ ព្រឹក ព្រះអាទិត្យចាប់រះអ័ព្ទក៏បានអស់ទៅវិញខ្លះ។ តាមលទ្ធផលពីនាយកដ្ឋានគ្រប់គ្រងការបំពុលបរិស្ថានបានបញ្ជាក់ថា តំបន់ចំនួន ២ ក្នុងចំណោមតំបន់ ៣ នៅហាណូយមានគុណភាពខ្យល់អាក្រក់ខ្លាំងដោយកម្រិត AQI លើស ២០០ ពោលគឺអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ពលរដ្ឋ។ និយាយឱ្យលម្អិត ចំណុចដែលត្រូវបានពិនិត្យមាននៅចំណុចផ្លូវ Giai Phong សង្កាត់ Hai Ba Trung មាន AQI ចំនួន ២៥២ នៅម៉ោង ៩ ព្រឹក។ ស្ថានីយនៅផ្លូវ Nguyen Van Cu សង្កាត់ Long Bien មាន AQI ក្នុងកម្រិត ២១៨។
ក្នុងចំណោមស្ថានីយត្រួតពិនិត្យទាំងអស់នៃនាយកដ្ឋានបរិស្ថាន និង ធនធានធម្មជាតិប្រចាំក្រុងហាណូយ ស្ថានីយនៅសង្កាត់ Bac Tu Liem ពិនិត្យឃើញមានគុណភាពខ្យល់អាក្រក់ខ្លាំងជាងគេបំផុត។ ក្នុងរយៈពេល ៣ ម៉ោង គិតចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ១១ ថ្ងៃត្រង់នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ សន្ទស្សន៍ AQI ហក់ឡើងរហូតលើស ៣៨០ ដែលជាកម្រិតគ្រោះថ្នាក់បំផុតទៅទៀត។ យ៉ាងណាមិញ គិតត្រឹមព្រឹកថ្ងៃនេះ សន្ទស្សន៍ AQI បានធ្លាក់ចុះវិញប៉ុន្តែនៅតែស្ថិតក្នុងកម្រិតអាក្រក់ដដែល។
គួរឱ្យដឹងថា គុណភាពខ្យល់អាកាសក្នុងក្រុងហាណូយបានធ្លាក់ចុះតាំងពីខែតុលាមកម្ល៉េះ នៅពេលដែលអាកាសធាតុប្រែប្រួល និង រដូវរងាឈានចូលមកដល់។ ខាងក្រសួងបរិស្ថាន និង ធនធាតធម្មជាតិ រួមទាំងខាងអាជ្ញាធរនៅក្រុងហាណូយផ្ទាល់បានដាក់ចេញវិធានការមួយចំនួនដើម្បីកាត់បន្ថយបញ្ហាសាយភាយនៃឧស្ម័នពុល ដោយប្រភពចម្បងនៃឧស្ម័នទាំងនេះមកពីការធ្វើចរាចរណ៍នេះឯង៕
ប្រភព៖ VN Express