អ្នកគ្រូ ណាលី ហួសចិត្តនឹង Miss Grand ថៃ ដែលយំសោកដើរតួកម្សត់ រហូតទ្រាំមិនបានលើកឡើងទាំងក្នាញ់បែបនេះ
រឿងរ៉ាវបញ្ហាចម្រូងចម្រាសដ៏ក្ដៅគគុករវាងខាង Miss Grand International និង អ្នកគ្រប់គ្រង Miss Grand Cambodia នៅតែឡើងកម្ដៅនៅឡើយ ស្របពេលដែលបេក្ខភាពបវរកញ្ញា Miss Grand ប្រចាំបណ្ដាប្រទេសផ្សេងៗបានចាកចេញពីប្រទេសកម្ពុជាដើម្បីបន្តការប្រកួតនៅក្នុងប្រទេសថៃវិញ។
ជាមួយគ្នានោះដែរ ក្រោយពេលទៅដល់ព្រលានយន្តហោះប្រទេសថៃភ្លាម មហាជនជាច្រើនក៏បានចាប់អារម្មណ៍ទៅលើនាង Malin ដែលជា Miss Grand Thailand 2024 ដោយរូបនាងបានធ្វើការសម្រក់ទឹកភ្នែកយ៉ាងរហេមរហាមដើរតួកម្សត់យំរៀបរាប់រឿងរ៉ាវបទពិសោធរបស់ខ្លួនដែលបានជួបពេលនៅក្នុងទឹកដីប្រទេសកម្ពុជាកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ។
តាមការរៀបរាប់របស់នាង Malin បាននិយាយថា ទូកមកមិនត្រូវពេលវេលា ការសម្របសម្រួលមិនស៊ីចង្វាក់ នាងត្រូវថតរូបនៅកន្លែងកំពង់ រីឯផ្លូវចុះទៅក៏ជាផ្លូវលាតទៀត នាងមានអារម្មណ៍មិនមានសុវត្ថិភាពសោះ។ ចំណែកអាហារនាងត្រូវញ៉ាំសណ្តែកដី និង ពងក្រួច ឯពងខ្លះមានកូននៅក្នុងនោះ ធ្វើឱ្យបេក្ខជនផ្សេងៗទៀតមិនហ៊ានញ៉ាំ ដែលការនិយាយលើកឡើងតែភាគីខ្លួនឯងបែបនេះ ធ្វើឱ្យមហាជនកម្ពុជាកំពុងផ្ទុះការចែករំលែកវែកញែក និង បង្ហាញចិត្តសង្វេគបែបហួសចិត្តចំពោះនាងជាខ្លាំង ដែលមហាជនខ្មែរកំពុងលើកបង្ហាញពីហេតុផលត្រឹមត្រូវ និង ភាពពិតជាក់ស្ដែងអំឡុងកម្ពុជារៀបចំទូកសម្រាប់បវរកញ្ញាទាំងអស់ផងដែរ។
វីដេអូរបស់នាង Malin យំរៀបរាប់នៅព្រលានយន្តហោះថៃនេះដែរ ផ្ទុះការចែកចាយយ៉ាងច្រើនពាសពេញបណ្ដាញសង្គម ធ្វើឱ្យមហាជនកម្ពុជាក្នាញ់ហួសចិត្ត និង សូម្បីតែអ្នកគ្រូ ណាលី ដែលជាអ្នកគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏ល្បី ក៏អត់ទ្រាំនឹងទង្វើដើរតួកម្សត់របស់នាង Malin រហូតអ្នកគ្រូលើកឡើងទាំងក្នាញ់ថា៖ «ពានរង្វាន់ មាយាដកខ្ញី» ទៅកាន់នាង Malin៕