ស្អាតណាស់! វត្តខ្មែរមួយនៅអាមេរិក ព្រិលធ្លាក់គ្របដណ្ដប់ ដូចប្រាសាទមាសផុសចេញពីរូបគំនូរ
កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនខ្មែរ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍នូវទិដ្ឋភាពដ៏ស្រស់ត្រកាលនៃវត្តខ្មែរមួយ ស្ថិតក្នុងទឹកដីសហរដ្ឋអាមេរិក នារដូវធ្លាក់ព្រិលសក្បុស រំលេចតួព្រះវិហារពណ៌មាសចែងចាំង ប្រៀបដូចប្រាសាទផុសចេញពីផ្ទាំងគំនូរយ៉ាងស្រស់ស្អាតក្រៃលែង។
ជាក់ស្ដែង កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ហ្វេសប៊ុកវត្តមួយឈ្មោះ Wat Khmer Palelai បានបង្ហោះរូបភាពមួយចំនួនបង្ហាញឱ្យឃើញ «វត្តខ្មែរ បាលិលេយ្យ» ស្ថិតនៅទីក្រុង Philadelphia រដ្ឋ Pennsylvania នៃសហរដ្ឋអាមេរិក ដែលត្រូវបានហ៊ុំព័ទ្ធដោយព្រិល-ស ក្បុស ខណៈដែលព្រះវិហារមានពណ៌មាស មើលទៅស្រស់ស្អាតប្រៀបបានផ្ទាំងគំនូរ ឬផ្ទាំងរូបភាព AI ដែលធ្វើឱ្យមនុស្សជាច្រើនមិនចាប់អារម្មណ៍មិនបាន។
យ៉ាងណាមិញ វត្តខ្មែរ បាលិលេយ្យ ក៏បានឱ្យដឹងដែរថា រូបថតបង្ហោះនោះគឺ រូបថតបង្ហាញពីទិដ្ឋភាពព្រិលធ្លាក់លើកដំបូងនៅទីក្រុង ហ្វីឡា សម្រាប់ឆ្នាំ ២០២៤ នេះ៕