ហេងអស់ស្ទះ! ទិញងាវមកហូបលេងសោះ ស្រាប់តែប្រទះឃើញគុជមួយគ្រាប់ តម្លៃជាង ១ ម៉ឺនដុល្លារ
ថ្មីៗនេះ មានប្តីប្រពន្ធមួយគូនៅឯប្រទេសថៃ បានប្រទះសំណាងធំ ដោយទិញងាវមកហូបស្រាប់តែប្រទះឃើញគ្រាប់គុជមួយគ្រាប់ តម្លៃជាង ១ ម៉ឺនដុល្លារ។
តាមព័ត៌មានបានឱ្យដឹងថា មានថ្ងៃមួយប្តីប្រពន្ធទាំងគូនេះ បាននាំគ្នាទៅទិញងាវចំនួន ២ គីឡូក្រាម យកមកហូបនៅផ្ទះដូចសព្វដង។ ទាំងពីរនាក់នាំគ្នាហូបជិតអស់ទៅហើយ ពោលគឺសល់តែមួយគ្រាប់ចុងក្រោយ ក៏បានបង្ហើយចូលមាត់ ស្រាប់តែបុរសជាប្តីក៏មានអារម្មណ៍ថាទំពារប៉ះគ្រាប់អ្វីម្យ៉ាងរឹងៗនៅក្នុងមាត់ ហើយក៏បានខ្ជាក់មកមើល ក៏ឃើញថាគឺជាគ្រាប់គុជ ដែលគេមិនធ្លាប់ឃើញពីមុនមកឡើយ។
បុរសជាប្តីពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ហើយក៏បានយករឿងគ្រាប់គុជទៅប្រាប់គេឯង ប៉ុន្តែគ្មានអ្នកជឿឡើយ ទើបដាច់ចិត្តយកទៅកន្លែងពិសោធន៍ជំនាញ ដែលចុងក្រោយលទ្ធផលបានឱ្យដឹងថា វាគឺជាគ្រាប់គុជពិតប្រាកដមែន ដែលមានទម្ងន់ ១.៩១ ការ៉ាត់។
យ៉ាងណាមិញ បុរសរូបនេះបានឱ្យដឹងថា ខ្លួនបានទៅសិក្សាមើលពីតម្លៃរួចមកហើយ គឺគុជមួយគ្រាប់នេះ មានតម្លៃមិនក្រោមពី ៥ សែនបាត ឬប្រហែល ១.៤ ម៉ឺនដុល្លារឡើយ ដោយនេះគឺជារឿងសំណាងល្អបំផុត ដែលខ្លួនទើបតែជួបប្រទះក្នុងជីវិត៕
ប្រភព៖ Sanook