(វីដេអូ) វិសេសណាស់! មកុដ MUC 2024 ប្រាសាទ ដាវីន គ្រងយប់មិញ ធ្វើពីផ្លាទីនជាង ១០ តម្លឹង និង ពេជ្រធម្មជាតិជាង ៦ ពាន់គ្រាប់
ក្រោយពីការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែហើយនោះ ទីបំផុតកម្មវិធី Miss Universe Cambodia 2024 បានរកឃើញម្ចាស់មកុដហើយ គឺបានទៅលើអ្នកនាង ប្រាសាទ ដាវីន។
ជាការពិតណាស់ មុននឹងប្រកាសក្លាយទៅជាម្ចាស់មកុដ Miss Universe Cambodia 2024 នោះ អ្នកនាង ប្រាសាទ ដាវីន ត្រូវបានអ្នកគាំទ្រនិយមតាមដានវិស័យបវរកញ្ញា បានរំពឹងទុករួចទៅហើយ ថាអ្នកម៉ាក់កូន ១ រូបនេះ នឹងក្លាយទៅជាម្ចាស់មកុដ ក៏ព្រោះតែអ្នកនាង ប្រាសាទ ដាវីន គឺជាស្ត្រីខ្លាំង មានទាំងសម្រស់ ចំណេះដឹងខ្ពង់ខ្ពស់ និង សមត្ថភាពជាច្រើនទៀតផង។
ងាកទៅកាន់មកុដ Miss Universe Cambodia 2024 ដែលបំពាក់លើអ្នកនាង ប្រាសាទ ដាវីន កាលពីយប់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅនេះដែរ គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ដោយមកុដក្នុងឆ្នាំនេះ មានការធ្វើឡើងដោយហាងមាសពេជ្រល្បីឈ្មោះមួយគឺ បុប្ឋា គន្ធ។
ពិតណាស់ បើទោះជាមិនបានទម្លាយពីតម្លៃពិតប្រាកដមែន ប៉ុន្តែមកុដ Miss Universe Cambodia 2024 បានសម្រិតសម្រាំងឡើងយ៉ាងស្រស់ស្អាត មានក្បូរក្បាច់រចនាយ៉ាងទាក់ភ្នែក ដែលធ្វើឡើងដោយផ្លាទីនប្រមាណជាង ១០ តម្លឹង, ពេជ្រធម្មជាតិសុទ្ធចំនួន ៦៣០០ គ្រាប់ និង ត្បូងធម្មជាតិ ៤៨ គ្រាប់។
ក្នុងនោះដែរ អ្វីដែលកាន់តែពិសេសទៅទៀតនោះ តាមរយៈការជម្រាបពីអគ្គនាយិកានៃហាងមាសពេជ្រ បុប្ឋា គន្ធ បានបញ្ជាក់ថា៖ «ខ្ញុំ មិននិយាយពីតម្លៃមកុដទេ ព្រោះតម្លៃមកុដស្ថិតលើអ្នកពាក់ គឺ Miss Universe Cambodia 2024»៕
សូមទស្សនាវីដេអូខាងក្រោម៖